រដ្ឋាភិបាលរៀបចំសហគមន៍ទេសចរណ៍ចំនួន១២នៅតំបន់ឆ្នេរជាបណ្តុំសេវាកម្មទេសចរណ៍ឲ្យមានភាពប្រសើរ

0

ដោយៈ គង់ សួរិយា

    កំពតៈ រដ្ឋមន្រ្តីចំនួន៣ក្រសួងបានជួបជុំគ្នា នៅសហគមន៍ទេសច​រណ៍ត្រពាំងសង្កែ ក្នុងខេត្តកំពត ដើម្បីរៀបចំសហគមន៍ទេសចរណ៍ចំនួន១២នៅខេត្តចំនួន៣ សម្រាប់ផ្តល់សេវាកម្មឲ្យកាន់តែមានភាពល្អប្រសើរ។

ក្រុមមន្រ្តីបានចាត់ទុក សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី លទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រសេវាទេសចរណ៍ និងនេសាទ លើជីវភាពរស់នៅរបស់សហគមន៍នេសាទត្រពាំងសង្កែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងវត្តមានរបស់មន្រ្តីពាក់ព័ន្ឋ។

ថ្លែងនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងនូវសេចក្តីថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាលតែងតែបានយកចិត្តទុកដាក់ខ្ពស់ និងនៅថ្ងៃនេះ លោកឧបនាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចការដ៏មានសារសំខាន់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាសហគមន៍ នៅតាមបណ្តាខេត្តគោលដៅនានានិយាយជារួម និង និយាយដោយឡែក នៅសហគមន៍ត្រពាំងសង្កែ ក្នុងស្រុកទឹកឈូ ខេត្តកំពតនេះ និយាយដោយឡែក។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណ លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវចូលទៅកាន់សហគមន៍ទេស​ចរណ៍ ការផ្គត់ផ្គង់ទឹកស្អាត និងការផ្តល់បន្ទប់ទឹកអនាម័យនៅតាមសហគមន៍ទេសចរណ៍ផងដែរ។ តួយ៉ាង លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពតផងដែរ។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាព និងទិដ្ឋភាពទូទៅ នៃគម្រោងអភិវឌ្ឍន៍សហគមន៍ទាំង១២ ដោយក្នុងនោះខេត្តកំពត មាន៥សហគមន៍ ខេត្តព្រះសីហនុ មាន៤សហគមន៍ និងខេត្តកែបមាន៣សហគមន៍ ដើម្បីស្វែងយល់ពីតម្រូវការបន្ថែមសម្រាប់រៀបចំ ជាបណ្ដុំសេវាកម្មទេសចរណ៍ ឱ្យមានភាពល្អប្រសើរ ក្នុងគោលដៅជួយឱ្យប្រជាពលរដ្ឋ នៅក្នុងសហគមន៍នេះ មានប្រាក់ចំណូ​លកើនឡើង និងជីវភាពកាន់តែល្អប្រសើរ។

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ ស្ថិតនៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត និងមានការផ្តល់សេវាកម្ម ផ្ទះស្នាក់សហគមន៍ ដំណើរកម្សាន្តតាមទូកទស្សនាព្រៃកោងកាង ដាំដើមកោងងកាង កញ្ចុះអាហារ ស្ពានដើរកម្សាន្ត ព្រមទាំងមានហេត្ថារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍គ្រប់គ្រាន់ ដែលទទួលភ្ញៀវទេសចរប្រមា​ណ១ពាន់នាក់ ជាមធ្យមក្នុង១សប្តាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here