តំបន់ពាណិជ្ជកម្មកណ្តាលនៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេសុីទាក់ទាញជនបរទេសចូលទៅជួលអាផាតមុិន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជ្រើសរើសទីតាំងជាកត្តាយ៉ាងសំខាន់មួយក្នុងការទិញអចលនទ្រព្យ ជាពិសេសអតិថិជនភាគច្រើននិយមទិញអចលនទ្រព្យ ដែលមានទីតាំងនៅជិតស្ថានទូត សាលារៀនលំដាប់អន្តរជាតិ និងមធ្យោបាយធ្វើដំណើរសាធារណៈ ដូចជារថភ្លើង។

នៅក្នុងផ្នែកអាផាតមុិន តំបន់ពាណិជ្ជកម្មកណ្តាល (CBD) នៅក្នុងរដ្ឋធានីហ្សាកាតារបស់ប្រទេសឥណ្ឌូនេសុី ជាពិសេសតំបន់ Sudirman និងតំបន់ Senopati នៅតែជាជម្រើសចម្បងសម្រាប់ជនបរទេស ដែលធ្វើការនៅក្នុងតំបន់ពាណិជកម្មកណ្តាល។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers។

គម្រោងអគារអាផាតមុិន ដូចជា អគារ “Residence8” និងអគារ Le Parc មានសភាពលេចធ្លោ ដោយសារតែគម្រោងទាំងនេះមានទីតាំងនៅជិតអគារការិយាល័យ ផ្សារទំនើបលំដាប់ខ្ពស់ដូចជា ផ្សារទំនើប Ashta និងការបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ។

ទន្ទឹមគ្នានេះ ជនបរទេសភាគច្រើនផ្តល់អាទិភាពដល់អាផាតមុិន ដែលមានគ្រឿងបរិក្ខារសំខាន់ៗដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ ទីលានកីឡា និងទីតាំងលេងកំសាន្តរបស់កុមារ។ជនបរទេសភាគច្រើននៅទីក្រុងហ្សាការតាមានប្រភពមកពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក បណ្តាប្រទេសនានានៅអឺរ៉ុប ជប៉ុន ឥណ្ឌា និងចិន។

ការជួលអាផាតមុិនដែលផ្តល់ជូនសេវាកម្ម (Seviced Apartment) និងមានបន្ទប់គេងចំនួន២ នៅក្នុងតំបន់ Sudirman មានតម្លៃចន្លោះពី២.៦០០ដុល្លារទៅ៤.៥០០ដុល្លារអាមេរិកក្នុងមួយខែ ខណៈការជួលអាផាតមុិនធម្មតា(Unserviced) មានតម្លៃចន្លោះពី២.១០០ដុល្លារទៅ៣.៣០០ដុល្លារអាមេរិកក្នុងមួយខែ។

ការជួលអាផាតមុិនដែលផ្តល់ជូនសេវាកម្ម និងមានបន្ទប់គេងចំនួន៣ នៅតំបន់ Sudirman ដូចគ្នា មានតម្លៃចន្លោះពី៣.៥០០ដុល្លារទៅ៥.៥០០ដុល្លារអាមេរិកក្នុងមួយខែ ខណៈការជួលអាផាតមុិនធម្មតា(Unserviced) មានតម្លៃចន្លោះពី៤.០០០ដុល្លារទៅ៥.៥០០ដុល្លារក្នុងមួយខែ៕ប្រភព: Colliers៕

LEAVE A REPLY

Please enter your comment!
Please enter your name here