សណ្ឋាគារខ្ពស់ជាងគេបំផុតលើពិភពលោក Ciel Tower កំពស់៣៦៥ម៉ែត្រ គ្រោងបើកដំណើរការនៅចុងឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារកប់ពពក Ciel Tower កំពស់៣៦៥ម៉ែត្រ ដែលមាន៨២ជាន់ គ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០២៥នេះ ហើយអគារនេះនឹងក្លាយជាសណ្ឋាគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក។

យោងតាមកាសែត The Sun បានរាយការណ៍ថា អគារ Ciel Tower មានទីតាំងស្ថិតនៅក្នុងតំបន់ Dubai Marina ដ៏ល្បីល្បាញនៅទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ អគារនេះនឹងផ្តល់បន្ទប់សណ្ឋាគារជាង១.០០០បន្ទប់ ក្នុងនោះរួមមានបន្ទប់ប្រណីតជិត១៥០បន្ទប់ផងដែរ។

សណ្ឋាគារកប់ពពកនេះនឹងមានកន្លែងសង្កេតការណ៍កម្រិត៣៦០ដឺក្រេ (Observation deck) នៅជាន់ទី៨១ ដែលផ្តល់ជូននូវទិដ្ឋភាពបែប Panoramic របស់ទីក្រុងឌូបៃ និងអាចឈានទៅប្រកួតប្រជែងជាមួយនឹងអគារ Burj Khalifa ។

អគារ Ciel Tower ក៏នឹងមានអាងហែលទឹក “Infinity Pool”ខ្ពស់ជាងគេបំផុតរបស់ពិភពលោកនៅជាន់ទី៧៦ផងដែរ។

អគារជាន់ទី១៦ នឹងរួមមានបន្ទប់“Nest Executive Lounge” ដែលត្រូវបានរចនាឡើងសម្រាប់ទទួលភ្ញៀវថ្នាក់ធុរកិច្ច(Business Class) ដើម្បីសម្រាកលំហែកាយ និងគយគន់មើលទេសភាពទីក្រុងឌូបៃ។

ចំណែក បន្ទប់​ភ្ញៀវ​ស្នាក់នៅ (Guest rooms) នឹង​ត្រូវ​បាន​បំពាក់​ដោយ​បង្អួច​ពី​ជាន់​កម្រាលឥដ្ឋឡើងដល់​ពិដាន ដែល​ផ្តល់​ជូន​នូវ​ទិដ្ឋភាព​​របស់តំបន់ Dubai Marina កោះសិប្បនិម្មិត Palm Jumeirah និង​ឈូង​សមុទ្រ​អារ៉ាប់។

គ្រឿងបរិក្ខារបន្ថែមផ្សេងទៀតរួមមាន ទីតាំងហាត់ប្រាណទំនើប អាងហែលទឹកឯកជនសម្រាប់កុមារ ភោជនីយដ្ឋាន និងបារចំនួន១០។

ថ្មីៗនេះ ទីក្រុងឌូបៃត្រូវបានគេដាក់ឈ្មោះថា ជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតទី៣ នៅលើពិភពលោក ដោយកម្មវិធីពានរង្វាន់ Travellers’ Choice Awards របស់ទីភ្នាក់ងារទេសចរណ៍ Tripadvisor ៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here