កម្មវិធីទិដ្ឋាការមាសរបស់ប្រទេសនូវែលសេឡង់រំពឹងជំរុញបង្កើនតម្រូវការលំនៅដ្ឋាននៅក្នុងប្រទេសនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការកែសម្រួលថ្មីចំពោះកម្មវិធីគោលនយោបាយទិដ្ឋាការមាសរបស់ប្រទេសនូវែលសេឡង់ត្រូវបានគេរំពឹងថា នឹងបង្កើនតម្រូវការលំនៅដ្ឋាននៅប្រទេសនេះ ខណៈជនបរទេសជាច្រើនបានដាក់ពាក្យស្នើសុំទិដ្ឋាការ។

ចាប់តាំងពីការចាប់ផ្តើមដាក់ឱ្យដំណើរការឡើងវិញនៃកម្មវិធី Active Investor Plus (AIP) ក្នុងខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលនូវែលសេឡង់បានទទួលពាក្យសុំទិដ្ឋាការស្នាក់នៅចំនួន២០០ច្បាប់។នេះបើយោងតាមក្រុមហ៊ុនផ្តល់សេវាកម្មអន្តោប្រវេសន៍ និងសញ្ជាតិ Greener Pastures។

ប្រភពជនបរទេសលំដាប់កំពូលទាំង៣ ដែលបានដាក់ពាក្យស្នើសុំទិដ្ឋាការមាស រួមមាន សហរដ្ឋអាមេរិក ប្រជាជនចិនដីគោក និងពលរដ្ឋមកពីតំបន់រដ្ឋបាលពិសេសហុងកុង។ នេះបើយោងតាមទិន្នន័យចងក្រងដោយក្រុមហ៊ុន Greener Pastures ដែលមានការទទួលស្គាល់ដោយរដ្ឋាភិបាលនូវែលសេឡង់។

កម្មវិធី AIP ផ្តល់ជម្រើសវិនិយោគចំនួន២យ៉ាង។ ជម្រើសទី១៖ ជនបរទេសត្រូវបោះទុនវិនិយោគយ៉ាងតិច៣លានដុល្លារអាមេរិកទៅក្នុងក្រុមហ៊ុនអាជីវកម្មនៅប្រទេសនូវែលសេឡង់ក្នុងរយៈពេល៣ឆ្នាំហើយចំណាយពេលស្នាក់នៅយ៉ាងតិច២១ថ្ងៃនៅក្នុងប្រទេសនេះក្នុងអំឡុងពេល៣ឆ្នាំនោះ។

ជម្រើសទី២៖ ជនបរទេសត្រូវបោះទុនវិនិយោគ៦លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំ ហើយចំណាយពេលស្នាក់នៅយ៉ាងហោចណាស់១០៥ថ្ងៃនៅក្នុងប្រទេសនូវែលសេឡង់ក្នុងអំឡុងពេល៥ឆ្នាំនោះ។

ទោះបីជាកម្មវិធីទិដ្ឋាការខាងលើមិនតម្រូវឱ្យជនបរទេសវិនិយោគលើអចលនទ្រព្យលំនៅដ្ឋានយ៉ាងណាក្តី ក៏ជនបរទេសនឹងអាចសម្រេចចិត្តទិញផ្ទះសម្រាប់គោលបំណងផ្ទាល់ខ្លួនរបស់ពួកគេ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here