ដោយ: គង់ លាងហួរ
អន្តរជាតិ: លោកប្រធានាធិបតីចិន សុី ជីនពីង បានអំពាវនាវឱ្យមានការពន្លឿននូវការបង្កើតគំរូថ្មីសម្រាប់ការអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យ និងការរៀបចំផែនការទីក្រុង ខណៈក្រុមអ្នកវិនិយោគមួយចំនួនបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលចិននឹងអាចដាក់ចេញគោលនយោបាយគាំទ្របន្ថែមទៀតដល់វិស័យអចលនទ្រព្យ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua News បានរាយការណ៍កាលពីពេលថ្មីៗនេះថា ប្រទេសចិននឹងខិតខំជាលំដាប់លើការងារជួសជុលភូមិនានានៅក្នុងទីក្រុង និងខិតខំធ្វើឱ្យប្រសើរឡើងវិញនូវលំនៅដ្ឋាន ដែលសភាពចាស់ទ្រុឌទ្រោម ឬខូចខាត។
ការដាំក្បាលចុះនៃទីផ្សារលំនៅដ្ឋានរបស់ប្រទេសនេះបានជះផលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញតម្រូវការរបស់អ្នកប្រើប្រាស់ និងជំរុញសន្ទុះសេដ្ឋកិច្ច ខណៈការនាំចេញទំនិញចិននៅតែមានហានិភ័យ ដោយសារភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។








