ដោយៈ គង់ សូរិយា
ភ្នំពេញៈ អាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) និងក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ចុះអនុស្សរណៈយោគយល់ទ្វេភាគី ដើម្បីពង្រឹងការធ្វើដំណើរ និងពាណិជ្ជកម្មអាហ្វ្រិក-កម្ពុជា។
ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងដោយ លោក អេង ម៉ូលីណា ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍ Air Cambodia និងលោក Lemma Yadecha Gudeda ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍អេត្យូពី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ។
-->
យោងតាម ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានឲ្យដឹងថា ការចុះអនុស្សរណៈទ្វេភាគីនេះ គឺដើម្បីបង្កើនការតភ្ជាប់ និងលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងទ្វីបអាហ្វ្រិក និងកម្ពុជា។
បន្ថែមពីនេះ វាក៏បានបង្ហាញអំពី ផែនការហោះហើរត្រង់រវាង រាជធានីភ្នំពេញ និងទីក្រុងAddis Ababa និងបង្កើតគំនិតផ្តួចផ្តើមរួមគ្នា ដើម្បីផ្តល់នូវបទពិសោធធ្វើដំណើរកាន់តែល្អប្រសើរផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ នឹងអភិវឌ្ឈន៍ទៅជាដៃគូ codeshare នាពេលអនាគតដ៏ខ្លីសម្រាប់ ផ្លូវសំខាន់ៗមួយចំនួនរវាងទីក្រុងភ្នំពេញ ហាណូយ / ហុងកុង / ក្វាងចូវ / សិនចិន និង Addis Ababa ហើយកិច្ចសហប្រតិបត្តិការនេះ ក៏គ្របដណ្តប់លើការដឹកជញ្ជូនទំនិញផ្លូវអាកាស សេវាកម្មនៅលើដី និងការគាំទ្រផ្នែកទីផ្សារទៀតផង។
តាមរយៈអនុស្សរណៈមួយនេះ នឹងជាយុទ្ធសាស្ត្រ អាចនឹងទាក់ទាញ អ្នកទេសចរ និងវិនិយោគិនអាហ្រ្វិក កាន់តែច្រើនមកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ ភាពងាយស្រួល និងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ៕

