ដោយ នៅ វឌ្ឍនា
ប៉េកាំង៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក LIN JINGZHEN អនុប្រធានប្រតិបត្តិរបស់ធនាគារចិន (Bank of China) លើកិច្ចសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០១៩-២០២១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក LIU LIANGE ប្រធានធនាគារចិន។
អនុស្សរណៈនៃការយោគយល់គ្នាដែលចុះហត្ថលេខាដោយលោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍នេះ ឆ្លើយតបនឹងសកម្មភាពនៃការជំរុញកិច្ចសហប្រតិបត្តិការ និងអបអរឆ្នាំវប្បធម៌ទេសចរណ៍កម្ពុជា-ចិន ២០១៩ ដែលអត្ថន័យផ្តោតសំខាន់ទៅលើការងារសំខាន់ៗចំនួន៥ រួមមាន ទី១. ការបង្កើតផលិតផល ទីផ្សារ និងផ្សព្វផ្សាយ។ ទី២. ជួយសម្រួលការបង្កើតការបង់ប្រាក់តាមប្រព័ន្ធអនឡាញ ឬតាមប្រព័ន្ធឌីជិតថល ដូចជា Union Pay, WeChat Pay, AliPay ដើម្បីដាក់ឲ្យប្រើបា្រស់ដោយប្រតិបត្តិករទេសចរណ៍ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ និងនៅតាមគោលដៅទេសចរណ៍ផ្សេងៗ ដើម្បីឲ្យស្របតាមតម្រូវការវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ភ្ញៀវទេសចរចិន។
ទី៣. ជំរុញការតភ្ជាប់ផ្លូវអាកាសទៅគោលដៅទេសចរណ៍សំខាន់ៗ។
ទី៤. ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពមន្រ្តីសាធារណៈ និង៥. ជំរុញ និងលើកទឹកចិត្តឲ្យមានការប្រើប្រាស់រូបិយបណ្ណយ័នក្នុងវិស័យទេសចរណ៍ និងសកម្មភាពផ្សេងៗទៀត ដើម្បីគាំទ្រ និងជំរុញដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។
ឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៦.២លាននាក់ ក្នុងនោះមានភ្ញៀវទេសចរចិនជាង ២លាននាក់ផងដែរ៕