តើទីក្រុងណាខ្លះ ដែលមានចំនួនអគារកប់ពពកច្រើនជាងគេបំផុតលើពិភពលោក?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សារព័ត៌មាន Conde Nast Traveler បានរៀបចំចំណាត់ថ្នាក់ទីក្រុង ដែលមានចំនួនអគារកប់ពពកច្រើនជាងគេលើពិភពលោក ដោយផ្អែកលើតួលេខថ្មីចុងក្រោយបំផុត គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ពីក្រុមប្រឹក្សា Tall Buildings & Urban Habitat (CTBUH)។

ទី១: ទីក្រុងហុងកុង

តំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងនាមជាទីក្រុងមានអគារកប់ពពកច្រើនជាងគេលើពិភពលោកចំនួនជាង៥៥០អគារ។ កង្វះខាតដី គួបផ្សំនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅចុងសតវត្សទី២០ បានធ្វើឱ្យការអភិវឌ្ឍន៍អគារខ្ពស់ៗនៅទីក្រុងហុងកុងរីកស្គុះស្គាយ។

ទី២: ទីក្រុងសុិនជិន

ការលេចត្រដែតឡើងរបស់ទីក្រុងសុិនជិន (Shenzhen) ក្នុងនាមជាតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសចិន បាននាំឱ្យមានការសាងសង់បញ្ចប់អគារកប់ពពកចំនួនជាង៣៨០អគារ ដោយតំណាងឱ្យគំរូនៃការអភិវឌ្ឍន៍ទីក្រុងទំនើបរបស់ប្រទេសចិន។

ទី៣: ទីក្រុងញូវយ៉ក

ទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកមានអគារកប់ពពកចំនួនជាង៣២០អគារ។អគារជាច្រើន រួមមានដូចជាអគារជាប្រវត្តិសាស្ត្រ Chrysler និងសំណង់អគារថ្មីៗដូចជា អគារ One World Trade Center បានធ្វើឱ្យមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់ពិភពលោកមួយនេះមានភាពទាក់ទាញខ្លាំង។

ទី៤: ទីក្រុងឌូបៃ

ទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) មានអគារកប់ពពកចំនួនជាង២៥០អគារ។ ទីក្រុងនេះបានក្លាយទៅជានិមិត្តរូបនៃមហិច្ឆតាស្ថាបត្យកម្ម ខណៈអគារកប់ពពក“Burj Khalifa”ដែលមានកំពស់៨២៨ម៉ែត្រ ជាអគារខ្ពស់ជាងគេបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន។

ទី៥: ទីក្រុងក្វាងចូវ

ទីក្រុងក្វាងចូវរបស់ប្រទេសចិនមានអគារកប់ពពកចំនួនជាង២២០អគារ។ ទីក្រុងនេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ដែលមានប្រវត្តិយូរអង្វែងក្នុងប្រទេសចិន។

អគារខ្ពស់ៗនៅទីក្រុងក្វាងចូវត្រូវបានប្រមូលផ្តុំនៅតាមដងទន្លេ Pearl River និងតំបន់ពាណិជ្ជកម្ម Zhujiang New Town ដែលរួមមានដូចជា អគារ Canton Tower និងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (Guangzhou International Finance Center)៕ប្រភព:Conde Nast Traveler៕

LEAVE A REPLY

Please enter your comment!
Please enter your name here