ដោយ នៅ វឌ្ឍនា
ភ្នំពេញ៖ ក្រុមហ៊ុនផ្លូវដែករបស់ប្រទេសចិនបានបង្ហាញពីបំណងចូលមកវិនិយោគ និងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ដើម្បីជំរុញកំនើនសេដ្ឋកិច្ចរបស់ប្រទទេសកម្ពុជា។
ក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោកឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិន នៅទីក្រុងប៉េកាំងប្រទេសចិនកាលពីចុងសប្តាហ៍មុន ភាគីទាំងពីរ បានពិភាក្សាដោយយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍផ្លូវដែកដែលប្រទេសកម្ពុជានឹងខាងភាគីចិនបានសហការគ្នា ដោយមានបំណងចង់ឲ្យផ្លូវដែកនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនទៅមុខជាលំដាប់។
នៅក្នុងជំនួបនេះ ក៏បានពិភាក្សាយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យកម្ពុជាមានក្រុមហ៊ុនផ្លូវដែករបស់ចិនមួយច្បាស់លាស់ ដើម្បីទៅចាប់ដៃសហការជាមួយនឹងក្រុមហ៊ុនផ្លូវដែករបស់ប្រទេសកម្ពុជា គឺក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ាគិតម៉េង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការដឹកនាំក្នុងការចរចាជាមួយភាគីចិន ដើម្បីនាំយកនូវក្រុមហ៊ុនអភិវឌ្ឍន៏ផ្លូវដែករបស់ចិន ទៅសហការជាមួយនឹងក្រុមហ៊ុន Royal Railway នៅក្នុងប្រទេសកម្ពុជាដើម្បីអោយការដឹកជញ្ជូនផ្លូវដែកកាន់តែមានប្រសិទ្ធភាព។
លោកឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិន បានជំរាបសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោក ជាក្រុមហ៊ុនធំដែលបានសាងសង់ផ្លូវដែកបាន២ម៉ឺន១ពាន់គីឡូម៉ែត្រហើយ ហើយក៏បានសាងសង់នៅក្នុងប្រទេសចិនផង និងក្រៅប្រទេសផង។
លោកបន្ថែមថា ការរកស៊ីផ្លូវដែកនេះមិនចំណេញនោះទេ ក៏ប៉ុន្តែអ្វីដែលគាត់មានបំណងសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសកម្ពុជា គឺមានគោលបំណងជួយជាតិកម្ពុជា និងជាការសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជំរុញឲ្យភាគីកម្ពុជា និងចិនធ្វើការងារនេះឲ្យបានឆាប់រហ័ស ខិតខំបង្កើនល្បឿននៃការដំណើរការរថភ្លើង។

ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិនឆិន ហ្វិនជានក៏បានគូសបញ្ជាក់ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរថា គាត់នឹងធ្វើយ៉ាងណាឲ្យការងារនេះបានជោគជ័យនាពេលខាងមុខ៕






