ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Time Out បានរាយការណ៍ថា ស្ពាន Huajiang Grand Canyon ស្ថិតនៅក្នុងខេត្ត Guizhou របស់ប្រទេសចិន គ្រោងនឹងបើកដាក់ឱ្យដំណើរការនៅចុងខែកញ្ញា ឆ្នាំ២០២៥នេះ ដែលនឹងក្លាយជាស្ពានខ្ពស់ជាងគេបង្អស់នៅលើពិភពលោក។
ស្ពាននេះមានកំពស់៦២៥ម៉ែត្រពីលើជ្រលងទន្លេ Beipan។ ស្ពានយោងដោយខ្សែកាបនេះនឹងវ៉ាដាច់ស្ពាន Duge Bridge ដែលជាស្ពានខ្ពស់ជាងគេលើពិភពលោកនាពេលបច្ចុប្បន្ន និងមានទីតាំងស្ថិតនៅក្នុងប្រទេសចិនដូចគ្នា។
ការដ្ឋានសាងសង់ស្ពាន Huajiang Grand Canyon នៅខេត្ត Guizhou ស្ថិតនៅភាគនិរតីនៃប្រទេសចិន ជាការបង្ហាញនូវសមត្ថភាពវិស្វកម្មដ៏អស្ចារ្យ បន្ទាប់ពីក្រុមការងារវិស្វកម្មបានឆ្លងកាត់ឧបសគ្គនានា ដោយសារខេត្ត Guizhou ជាតំបន់ជ្រលងភ្នំ។
ស្ពាននេះមានប្រវែងសរុប២.៨៨០ម៉ែត្រ និងមានគម្លាតរវាងបង្គោលមេរបស់ស្ពានប្រវែង១.៤២០ម៉ែត្រ។ ស្ពាននេះត្រូវបានចំណាយពេលសាងសង់ចំនួនជាង៣ឆ្នាំ ដោយតភ្ជាប់រវាងតំបន់ Liuzhi និងតំបន់ Anlong។ ការធ្វើដំណើររវាងតំបន់ទាំង២ ត្រូវចំណាយពេលជិត២ម៉ោងដើម្បីឆ្លងកាត់ជ្រលងភ្នំនេះ។
ប៉ុន្តែ នៅពេលស្ពាន Huajiang Grand Canyon បើកដំណើរការនៅខែកញ្ញាខាងមុខ នោះពេលវេលានៃការធ្វើដំណើររវាងតំបន់ទាំង២ នឹងត្រូវបានកាត់បន្ថយមកនៅសល់ត្រឹមតែ២នាទីប៉ុណ្ណោះ។
អ្វីដែលកាន់តែពិសេសនោះ ជណ្ដើរយន្តកញ្ចក់មួយកំពុងត្រូវបានដំឡើងដើម្បីអាចនាំអ្នកទស្សនាឡើងទៅកាន់ទីតាំងឈរមើលទេសភាពពីលើស្ពាន ដែលនឹងមានបារ និងហាងកាហ្វេ។ ស្ពាននេះនឹងជំរុញឱ្យវិស័យទេសចរណ៍នៅក្នុងខេត្ត Guizhou មានភាពរីកចម្រើន ខណៈខេត្តនេះជាខេត្តដាច់ស្រយាល និងជាតំបន់ភ្នំនៅភាគនិរតីនៃប្រទេសចិន៕ប្រភព: Time Out៕