ដោយ វុត្ថា
ប៉េកាំង៖ កម្ពុជា តាមរយៈទូរគមនាគមន៍កម្ពុជា(ទ.ក.) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីភាពជាដៃគូ ក្នុងការរួមគ្នាអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) ក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd ។
លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការនេះ ប្រទេសកម្ពុជានឹងក្លាយជាអ្នក ត្រួសត្រាយផ្លូវ និងប្រើប្រាស់បច្ចេកវិទ្យានេះមុនគេនៅក្នុងតំបន់អាស៊ាន។
លោកបន្តថា ដើម្បីអនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានតម្រង់ទិសឱ្យទូរគមនាគមន៍កម្ពុជាដែលជាក្រុមហ៊ុនរដ្ឋ ឱ្យមានសមត្ថភាពខ្ពស់លើការងារដឹកនាំ និងគ្រប់គ្រងទៅលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្នុងការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្ដន៍ឧស្សាហកម្មជំនាន់ទី៤.០។
[email protected]