ដោយ: គង់ លាងហួរ
អន្តរជាតិ: ការរស់នៅក្នុងទីក្រុងដ៏មានសភាពអ៊ូអរ និងរស់រវើកនៅសហរដ្ឋអាមេរិក ដែលពោរពេញទៅដោយឱកាសជាច្រើនក្នុងការកសាងជីវិត ជាក្តីសុបិនសម្រាប់មនុស្សជាច្រើន។ប៉ុន្តែ តម្លៃលំនៅដ្ឋាននៅតាមទីក្រុងទាំងនោះមានតម្លៃខ្ពស់កប់ពពក។
ខាងក្រោមនេះជាទីក្រុងធំៗចំនួន៥ នៅសហរដ្ឋអាមេរិក ដែលមានតម្លៃលំនៅដ្ឋានថ្លៃកប់ពពក :
ទី១: ទីក្រុង Boston រដ្ឋ Massachusetts
ជាមធ្យម ដើម្បីទិញអចលនទ្រព្យលំនៅដ្ឋាននៅទីក្រុង Boston គេត្រូវចំណាយប្រាក់ចំនួន៧០៣.៦០០ដុល្លារ ខណៈអត្រាភាពគ្មានការងារធ្វើនៅទីក្រុងមួយនេះស្ថុិតក្នុងរង្វង់៣,៩ភាគរយ។ ការជួលលំនៅដ្ឋាននៅទីក្រុង Boston មានតម្លៃប្រហែល៤.០៦៦ដុល្លារក្នុងមួយខែ។
ទី២: ទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា
ទីក្រុងនេះមានចំនួនប្រជាជនសរុបជិត១,៤លាននាក់ ហើយប្រាក់ចំណូលគ្រួសារជាមធ្យមមានចំនួន១០៥.៧៨០ដុល្លារ។ លំនៅដ្ឋាននៅក្នុងទីក្រុង San Diego មានតម្លៃជាមធ្យមប្រមាណ៩២៣.៩០០ដុល្លារ។
ទី៣: ទីក្រុងឡូសអេនជឺលេស រដ្ឋកាលីហ្វ័រញ៉ា
ទីក្រុងឡូសអេនជឺលេស សម្បូរទៅដោយលំនៅដ្ឋានរបស់តារាហូលីវូដជាច្រើននាក់ ហើយទីក្រុងនេះមានភាពល្បីល្បាញដោយសារភាពទាក់ទាញ និងរបៀបរស់នៅដ៏សម្បូរបែប។
ប្រាក់ចំណូលគ្រួសារជាមធ្យមនៅទីក្រុងឡូសអេនជឺលេសមានចំនួន៧៩.៧០១ដុល្លារ។ ទីក្រុង Los Angeles មានចំនួនប្រជាជនជិត៤លាននាក់ និងមានតម្លៃផ្ទះជាមធ្យមចំនួន៨២៨.៧០០ដុល្លារ។
ទី៤: សង្កាត់ Manhattan នៅចំកណ្តាលទីក្រុងញូវយ៉ក
សង្កាត់ Manhattan មានចំនួនប្រជាពលរដ្ឋរស់នៅប្រហែល១,៦លាននាក់ និងមានប្រាក់ចំណូលគ្រួសារជាមធ្យមចំនួន១០១.០៧៨ដុល្លារ។ ជាមធ្យម គេត្រូវចំណាយប្រាក់ចំនួន១.០១០.៨០០ដុល្លារអាមេរិកដើម្បីទិញលំនៅដ្ឋាននៅសង្កាត់នេះ។
ទី៥: ទីក្រុង Honolulu កោះហាវ៉ៃ
ទីក្រុងលើកោះដាច់ស្រយាលនេះមានចំនួនប្រជាជនរស់នៅជាង៣៤០.០០០នាក់ និងមានប្រាក់ចំណូលគ្រួសារជាមធ្យមចំនួន៨៤.៩០៧ដុល្លារ។ ទីក្រុង Honolulu មានតម្លៃផ្ទះជាមធ្យមចំនួន៨៣១.៦០០ដុល្លារអាមេរិក៕ប្រភព: livemint៕