ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់ពិភពលោក Tui Blue និងរីសតផ្នែកសុខមាលភាពដ៏ល្បីល្បាញ កម្រិតពិភពលោកបង្កើតជារីសត Tui Blue Angkor Grace លំដាប់ពិភពលោក លើទឹកដីខេត្តសៀមរាប។
តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Tui Blue Angkor Grace លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីថ្លែងសុន្ទុរកថាស្វាគមន៍ និងកាត់ខ្សែបូរសម្ពោធសណ្ឋាគារដ៏ប្រណិតកម្រិតពិភពលោក និងលំដាប់អភិជន Tui Blue Angkor Grace ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយមានការចូលរួមពីលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា មន្រ្តីពាក់ព័ន្ឋ និងលោក Artur Gerber នាយកប្រតិបត្តិក្រុមហ៊ុន Tui Blue Hotels & Resorts លោកស្រី Elain Younn ស្ថាបនិករីសត Angkor Grace ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
ថ្លែងក្នុងឱកាសសម្ពោធសណ្ឋាគារនេះ លោករដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការជំនឿទុកចិត្ត ដ៏មុតមាំលើរាជរដ្ឋាភិបាលកម្ពុជារបស់ ក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់អាល្លឺម៉ង់ និងលោកស្រីម្ចាស់រីសត ដែលរួមគ្នាបណ្តាក់ទុនវិនិយោគ បង្កើតជារីសតផ្នែកសុខមាលភាពដ៏ប្រណិត និងលំដាប់ពិភពលោកនៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា ដែលជាប្រទេសប្រកបដោយសក្តានុពលទេសចរណ៍ និងមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អ ពិសេសគឺទទួលបាននូវការលើកទឹកចិត្តច្រើន និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា “តាមរយៈការបង្កើតនូវរីសតដ៏ប្រណិត និងការផ្តល់ជូននូវសេវាកម្មសុខមាលភាព ស្តង់ដារអន្តរជាតិ ពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការផ្តល់នូវការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសជួលដល់ពលករខ្មែរ ដែលបានវិលត្រលប់មកពីប្រទសថៃវិញនាពេលនេះ”។
ជាមួយគ្នានេះ លោកStefan Messerer ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា បានអបអរសាទរ និងកោតសរសេរីពីកិច្ចសហការដ៏ល្អរវាងភាគីទាំងអស់ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអាឡឺម៉ង់ ព្រមទាំងសក្តានុពលទេសចរណ៏កម្ពុជា គម្រោងអភិវឌ្ឍន៏ជាច្រើនរបស់អាឡឺម៉ង់ ដែលនាំមកនូវលទ្ធផល ប្រកបដោយផ្លែផ្កាសម្រាប់ខេត្តសៀមរាប និងប្រជាជនកម្ពុជានាថ្ងៃនេះ។
ចំណែកលោក Artur Gerber នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TUI BLUE HOTELS & RESORTS បានបញ្ជាក់ថា ការបើកដំណើរសណ្ឋាគារនេះ ជាគម្រោងវិនិយោគទី2 របស់ក្រុមហ៊ុននៅកម្ពុជា ហើយវត្តមានរបស់ក្រុមហ៊ុន នៅប្រទេសកម្ពុជានាពេលនេះ គឺផ្អែកលើសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លា និងបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែបជាមួយនឹងកិច្ចសហការគាំទ្រដ៏ល្អ ពីក្រសួងទេសចរណ៏ និងគ្រប់ភាគីពាក់ព័ន្ធ។
ទន្ទឹមនឹងនេះដែរ លោកស្រី Elain Younn ស្ថាបនិករីសត Angkor Grace បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនដល់គណៈអធិបតី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលបានអញ្ជើញចូលរួមនាថ្ងៃនេះ ដោយបានស្នើសុំជួយផ្សព្វផ្សាយ ពីភាពអច្ឆរិយៈនៃប្រាសាទអង្គរវត្ត និងខេត្តសៀមរាប ព្រមទាំងវប្បធម៌បេតិកភណ្ឌ ដ៏មានតម្លៃរបស់កម្ពុជាដល់ពិភពលោកទាំងមូល។
ក្រុមហ៊ុន TUI BLUE HOTELS & RESORTS គឺជាក្រុមហ៊ុនផ្តល់សេវាកម្ម ទេសចរណ៍ដ៏ធំមួយក្នុងពិភពលោក និងធំនៅប្រទេសអាលឺ្លម៉ង់ គ្រប់គ្រងលើសណ្ឋាគារ និងរីសេតចំនួនជាង៤០០កន្លែងដ៏ពេញនិយមជុំវិញពិភពលោក ដោយមានម៉ាកសញ្ញាពាណិជ្ជកម្ម ដ៏ល្បីច្រើនជាង១០ម៉ាក៕