ដោយ វុត្ថា
ប៉េកាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានឲ្យផ្ញើសារចេញពីទីក្រុងប៉េកាំងខណៈសម្តេចបាននឹងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីប្រទេសចិនជាមិត្ត វិលត្រឡប់មកកម្ពុជាវិញ ថាមានក្រុមហ៊ុនវិនិយោគធំៗនៅទីក្រុងប៉េកាំងរបស់ចិននឹងមកស្វែងរកឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត។
សម្តេចតេជោ សរសេរនៅក្នុងហ្វេសបុកផ្លូវការរបស់សម្តេចបន្ទាប់ពីចូលរួមក្នុងវេទិកាផ្លូវ១និងខ្សែក្រវ៉ាត់១ លើកទី២ កាលពីថ្ងៃទី ២៥-២៩ មេសា ២០១៩ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩ នេះថា “តាមរយៈជំនួបប្រជុំជាមួយពាណិជ្ជករ និងក្រុមហ៊ុនវិនិយោគចិនធំៗនៅទីក្រុងប៉េកាំង គឺនឹងមានក្រុម ហ៊ុនចិនជាច្រើនថែមទៀតនឹងមកកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ ស្របពេលដែលប្រទេសជាតិ កំពុងមានស្ថេរភាព សុខសន្តិភាព និងរីកចម្រើនជាមួយនឹងកំណើនសេដ្ឋកិច្ចរឹងមាំល្អ”។
សម្តេចបន្តថា “បន្ទាប់ពីបានចូលរួមក្នុងវេទិកាផ្លូវ១និងខ្សែក្រវ៉ាត់១ លើកទី២ កាលពីថ្ងៃទី ២៥-២៩ មេសា ២០១៩ ក្នុងនោះក៏មានជំនួបទ្វេភាគីជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោកនាយករដ្ឋមន្រ្តីចិន លី គឺឈៀង ដែលប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀង ៦ ថែមទៀត ដើម្បីជំរុញទំនាក់ទំនង កម្ពុជា-ចិន អោយឡើងដល់កម្រិតកំពូល។ ក្នុងនាមជាប្រទេសដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប គឺយើងជាបងប្អូនដែលចែករំលែកនូវផលប្រយោជន៍នៃអនាគតតែ១”។
សម្តេចបន្ថែមថា “ខ្ញុំ សូមអរគុណមិត្តចិន ដែលតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជារហូតមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ។ ហើយនៅថ្ងៃនេះផងដែរ សូមអរគុណមិត្តចិនដែលផ្តល់ជំនួយជាង ៦០០ លានយ័ន ដើម្បីពង្រឹងវិស័យការពារជាតិកម្ពុជាអោយកាន់តែរឹងមាំ”។
យោងតាមព័ត៌មានចុះផ្សាមតាមហ្វេសបុកសម្តេចថ្មីៗកន្លងមកនេះ មានក្រុមហ៊ុនថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យមានការចាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជាដោយមានបំណងបង្កើតរោងចក្រផលិតបន្ទះ Solar Panel គឺជាបន្ទះអាចស្រូបយកពន្លឺព្រះអាទិត្យបំលែងទៅជាអគ្គិសនី។សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រុមហ៊ុនមួយនេះធ្វើការសហការជាមួយនឹងក្រសួងរ៉ែនិងថាមពលនិងអាជ្ញាធរអគ្គិសនីកម្ពុជា។
ក្រុមហ៊ុន China Hauneng Group នៅតែបន្តធ្វើការស្រាវជ្រាវដើម្បីចូលរួមអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីបន្ថែមទៀតនៅកម្ពុជា ជាពិសេសទៅលើការអភិវឌ្ឍថាមពលដោយពន្លឺព្រះអាទិត្យ ដែលចំណុចនេះខាងក្រុមហ៊ុនមានការចាប់អារម្មណ៍ជាខ្លាំង។
ក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីភាពជាដៃគូ ក្នុងការរួមគ្នាអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥(5G)ក្នុងប្រទេសកម្ពុជា ៕






