ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌូនេស៊ីបានបង្កភាពងាយស្រួលជាងមុនដល់ជនបរទេសក្នុងការទិញអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន។ ប៉ុន្តែ ច្បាប់នៅតែមានភាពស្មុគស្មាញ និងអាស្រ័យលើប្រភេទ និងទីតាំងនៃអចលនទ្រព្យ។
បច្ចុប្បន្ន ជនបរទេសអាចទិញអាផាតមុិន ឬខុនដូ ដែលមានប័ណ្ណកម្មសិទ្ធិរួម(Strata title) និងអាចទិញផ្ទះជាប់ផ្ទាល់ដី(Landed house) ក្រោមច្បាប់ “Right to Use” ឬច្បាប់”Right to Build”។
យ៉ាងណាមិញ ជនបរទេសមិនមានកម្មសិទ្ធិពេញលេញ១០០ភាគរយក្នុងការកាន់កាប់ដី និងអគារនោះទេ។ ជាមួួយគ្នានេះ នៅទីក្រុងហ្សាការតា ជនបរទេសមានសិទ្ធិទិញអចលនទ្រព្យ ដែលមានតម្លៃអប្បបរមាត្រឹម១៩៥.០០០ដុល្លារ។
ចំណែក នៅកោះបាលី ជនបរទេសមានសិទ្ធិទិញអចលនទ្រព្យ ដែលមានតម្លៃអប្បបរមាត្រឹម១៣០.០០០ដុល្លារ។នេះមានន័យថា ជនបរទេសមិនអាចទិញអចលនទ្រព្យក្នុងតម្លៃទាបជាងតម្លៃអប្បបរមា ដែលរដ្ឋាភិបាលឥណ្ឌូនេសុីបានកំណត់នោះទេ។
វិធានការកំណត់តម្លៃអប្បបរមាទាំងនេះមានគោលបំណងជំរុញឱ្យជនបរទេសងាកទៅទិញអចលនទ្រព្យលំដាប់ខ្ពស់ដែលមានតម្លៃថ្លៃ និងការពារប្រជាជនឥណ្ឌូនេសុី ពីការប្រកួតប្រជែងដោយជនបរទេស។
ការណ៍នេះមានន័យថា ប្រសិនបើជនបរទេសអាចទិញអចលនទ្រព្យក្នុងតម្លៃថោក នោះប្រជាជនក្នុងស្រុកនឹងពិបាកប្រកួតប្រជែងក្នុងការទិញផ្ទះ ដែលមានតម្លៃសមរម្យ ព្រោះតម្រូវការរបស់ជនបរទេសនឹងធ្វើឱ្យតម្លៃផ្ទះហក់ឡើងថ្លៃ។
ជនបរទេសក៏ប្រឈមមុខនឹងលក្ខខណ្ឌហិរញ្ញប្បទានតឹងរ៉ឹង។ ប៉ុន្តែ ពួកគេនៅតែមានជម្រើសខ្ចីប្រាក់ពីធនាគារមួយចំនួនរួមមាន ធនាគារ Permata Syariah ធនាគារ Commonwealth Bank និងធនាគារ J-Trust Bank។
ស្ថាប័នហិរញ្ញវត្ថុទាំងនេះផ្តល់ប្រាក់កម្ចីដល់វិនិយោគិនបរទេស ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌជាក់លាក់ និងដែនកំណត់លើទំហំប្រាក់កម្ចី៕ប្រភព: Bamboo Routes៕