ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងទីក្រុងប៉ារីសប្រទេសបារាំងបានចាប់ផ្តើមពិភាក្សាពីគម្រោងផែនការនៃការអភិវឌ្ឍតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ និងគម្រោងសិក្សាកែលម្អតីរវិថីព្រះស៊ីសុវត្ថិ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងសិក្ខាសាលាស្តីពីគម្រោងផែនការនៃការអភិវឌ្ឍតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩ នេះ បានឲ្យដឹងថា ភាគីទាំងពីចាប់ផ្តើមពិភាក្សាគ្នានាពេលនេះ គឺ ដើម្បីធ្វើឱ្យបានល្អប្រសើរឡើងទៅតាមកំណើនប្រជាពលរដ្ឋនិងជាការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋរស់នៅតាមបែបស៊ីវិល័យនៃទីក្រុងវៃឆ្លាត។
លោកបន្តថា សិក្ខាសាលានេះធ្វើឡើងក្រោមកិច្ចសហការណ៍ទ្វេរភាគីលើវិស័យនគររូបនីយកម្មក្នុងន័យជំរុញការគិតគូរអំពីបញ្ហាលំហរសាធារណៈអនាម័យបរិស្ថាននិងសោភណ្ឌភាពទីក្រុងដើម្បីឆ្លើយតបទៅនឹងគោលការណ៍នគររូបនីយបញ្ញាតិនិងភាពរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ។
លោកបន្តថា សិក្ខាសាលានេះផងដែរ ជាត្រីវិស័យសម្រាប់តម្រង់ទិសនិងបំពេញបន្ថែមចំណុចខ្វះខាតដើម្បីឱ្យការសិក្សាប្លង់អភិវឌ្ឍន៍តំបន់ភាគខាងត្បូងរាជធានីភ្នំពេញនិងគម្រោងសិក្សាកែលម្អតីរវិថីព្រះស៊ីសុវត្ថនេះអោយបានគ្រប់ជ្រុងជ្រោយ
លោកអភិបាលក្រុងបន្តថា ការពិភាក្សាបានធ្វើឡើងលើ២ចំណុចគឺពិភាក្សាទៅលើការកែលម្អរតីរវិថីព្រះស៊ីសុវត្ថិក្នុងផ្នែកនេះអាជ្ញាធរនឹងពិនិត្យពិភាក្សាលើទិដ្ឋភាពលំហូរចរាចរណ៍ការសិក្សារៀបចំឱ្យមានការតភ្ជាប់លំហរបៃតងនៅតាមដងទន្លេសាប និងការធ្វើសមាហរណ៍កម្មគម្រោងអភិវឌ្ឍន៍នៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា ដោយក្នុងនោះអាជ្ញាធរក៏នឹងពិនិត្យពិភាក្សាទៅលើទិដ្ឋភាពនៃការសិក្សារៀបចំឱ្យមានចរន្តតភ្ជាប់រវាងបណ្តាញផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងអភិវឌ្ឍន៍នានាដែលនឹងកើតមាននាពេលអនាគតដោយភ្ជាប់គ្នាទៅនឹងហេដ្ឋារចនាសម្ព័ន្ធមានស្រាប់និងសិក្សារៀបចំឱ្យមានការតភ្ជាប់រវាងលំហរបៃតងនិងបណ្តាញការពារទឹកជំនន់រវាងតំបន់ភាគខាងត្បូងនិងតំបន់ជុំវិញ។
លោក ឃួង ស្រេង បន្ថែមថា ការសិក្សាបច្ចេកទេសនេះគឺធ្វើឡើងបន្តពីការសិក្សាដែលរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងអស់រយះពេលជាង២ឆ្នាំមកហើយ៕






