ស្ត្រីទី១របស់កម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលពានរង្វាន់ «Smile Asia Philanthropic Visionary Award» នៅប្រទេសសិង្ហបុរី ជាបុគ្គលឆ្នើមរួមចំណែកយ៉ាងសំខាន់ ក្នុងសង្គមលើវិស័យថែទាំសុខភាព

0

(សិង្ហបុរី)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១របស់កម្ពុជា ជាភរិយារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ទទួលបាននូវពានរង្វាន់ «Smile Asia Philanthropic Visionary Award»» លើកទី២ នៅក្នុងកម្មវិធី «Smile Asia Charity Gala 2025»» ដោយមានការប្រគល់ដោយផ្ទាល់ពីលោកស្រី Gan Siow Huang, Minister of State ទទួលបន្ទុកកិច្ចការបរទេស និងទទួលបន្ទុកក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសក្នុងតំបន់ និងអន្តរជាតិជាច្រើនរូបទៀត។

កម្មវិធីប្រគល់ពានរង្វាន់ «Smile Asia Philanthropic Visionary Award»» នៅក្នុងកម្មវិធី «Smile Asia Charity Gala 2025»» ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Singapore Marriott Tang Plaza ប្រទេសសិង្ហបុរី។

សូមបញ្ជាក់ជូនផងដែរថា ពានរង្វាន់ «Smile Asia Philanthropic Visionary Award»» ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជូនជាកិត្តិយសដល់បុគ្គលឆ្នើមរូបណា ដែលបានចូលរួមចំណែកសំខាន់ ក្នុងសង្គមលើវិស័យថែទាំសុខភាព ហើយពានរង្វាន់នេះជាលើកដំបូងត្រូវបានប្រគល់ថ្វាយជូន ម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់ ហើយលោកជំទាវបណ្ឌិតក៏ជាភរិយាថ្នាក់ដឹកនាំមួយរូបពីកម្ពុជា ដែលទទួលបានដំបូងគេ។

ចំពោះការប្រគល់ពានរង្វាន់លើកទី ២ នេះជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គឺជាការទទួលស្គាល់នូវ ស្នាដៃ សមិទ្ធផល និង ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកជំទាវបណ្ឌិត ចំពោះអង្គការ Smile Cambodia ក៏ដូចជា ការយកចិត្តទុកដាក់ចំពោះសុខភាព និង សុខុមាលភាពរបស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។

ថ្លែងក្នុងកម្មវិធីទទួលពានរង្វាន់នេះ, លោកជំទាវបណ្ឌិត បានសម្ដែងនូវក្ដីរំភើបរីករាយឥតឧបមា ប្រកបដោយកិត្តិយស និងមោទនភាពដ៏ខ្ពង់ខ្ពស់ ចំពោះការទទួលបានពានរង្វាន់ដ៏ពិសិដ្ឋនេះ ហើយបានបន្ថែមថា ពានរង្វាន់នេះមិនត្រឹមតែជាការទទួលស្គាល់ និងឆ្លុះបញ្ចាំងពីការលះបង់របស់លោកជំទាវតែម្នាក់ប៉ុណ្ណោះទេ តែថែមទាំងជាគុណតម្លៃតបស្នងដល់ស្វាមីរបស់លោកជំទាវ គឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, កូនៗ, ឪពុក-ម្ដាយ, ក្រុមគ្រួសារ, មិត្តភក្ដិ និងសហការីទាំងអស់របស់លោកជំទាវ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលតែងតែមានការជឿជាក់ និងចូលរួមគាំទ្រលោកជំទាវឱ្យសម្រេចបាននូវបេសកកម្មដ៏មានសារៈសំខាន់នេះ។

លោកជំទាវបណ្ឌិតបានបញ្ជាក់បន្ថែមថា, ស្វាមីលោកជំទាវតែងតែបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា គឺមិនទុកកន្លែងណាមួយ ឬជនណាម្នាក់ចោលនោះទេ។ តាមរយៈគោលជំហរនេះ, កម្ពុជាអាចសម្រេចបាននូវវឌ្ឍនភាពជាច្រើន ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ, ការលើកកម្ពស់វិស័យអប់រំ និង សុខាភិបាល ប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួនទៀត ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងបន្តចូលរួមដោះស្រាយ។

លោកជំទាវបានបន្ថែមថា, ការងារមនុស្សធម៌ គឺជាកិច្ចការងារដែលមិនងាយស្រួលសម្រេចបាននោះទេ តែអ្វីដែលសំខាន់អាចឱ្យយើងឈានទៅជម្នះបានឧបសគ្គទាំងនោះ គឺ ការតាំងចិត្ត, ការលើកទឹកចិត្តគ្នា និង ការមានក្ដីសង្ឃឹមជាប់ជានិច្ច លើអ្វីដែលយើងកំពុងតែធ្វើ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះដែរ, លោកជំទាវបណ្ឌិតបានសម្ដែងនូវអំណរគុណដ៏ស្មោះចំពោះអង្គការ Smile Asia និង Smile Cambodia ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ចំពោះសកម្មភាពមនុស្សធម៌ និង សប្បុរសធម៌ទាំងឡាយកន្លងមក ជាពិសេសការលើកកម្ពស់វិស័យសុខាភិបាល និង សុខុមាលភាពកុមារនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនេះ, ពាក់ព័ន្ធនឹងបញ្ហាភាពតានតឹង និង ការប្រឈមមុខដាក់គ្នាក្នុងជម្លោះព្រំដែនរវាងប្រទេសកម្ពុជា-ថៃ នាពេលថ្មីៗនេះ, លោកជំទាវបណ្ឌិតបានយកឱកាសនេះបន្តអំពាវឱ្យមានការគោរព និង អនុវត្តឱ្យបានជាដាច់ខាតនូវបទឈប់បាញ់ដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នា ឱ្យបានពិតប្រាកដ រឹងមាំ និង យូរអង្វែងជារៀងរហូតតទៅ សំដៅស្ដារឡើងវិញនូវសន្តិភាព និង ភាពសុខសាន្តរបស់ប្រជាជន នៃប្រទេសទាំងពីរ ចៀសវាងនូវការស្អប់ខ្ពើម រើសអើងជាតិសាសន៍ និង ចងគំនុំគ្នា សម្រាប់ជំនាន់ក្រោយៗទៀត។

លោកជំទាវបណ្ឌិតបានបន្ថែមថា, ឆ្លងតាមការចុះជួបសួរសុខទុក្ខគ្រួសារយុទ្ធជនពលី និងកងទ័ពរងរបួសរបស់កម្ពុជាក្នុងពេលកន្លងមកនេះ, លោកជំទាវបានកត់សម្គាល់ឃើញថាលទ្ធផលនៃសង្គ្រាមនេះ បានជះឥទ្ធិពលអវិជ្ជមានជាច្រើន ចំពោះគ្រួសាររងគ្រោះ និងជាពិសេសលើបញ្ហាសតិអារម្មណ៍ និង សុខុមាលភាពកុមារផ្ទាល់តែម្ដង។
លោកជំទាវបណ្ឌិតបានលើកឡើងថា ពានរង្វាន់នេះ គឺមិនត្រឹមតែជានិមិត្តរូបសម្រាប់ថ្ងៃនេះប៉ុណ្ណោះទេ តែក៏ជាការចាប់ផ្ដើមថ្មីសម្រាប់ថ្ងៃអនាគតផងដែរ ដោយលោកជំទាវបណ្ឌិតបានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ ថានឹងបន្តបេសកកម្មក្នុងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ជូនដល់ប្រជាជនកម្ពុជាទាំងអស់ ឱ្យកាន់តែសកម្ម និងទូលំទូលាយបន្ថែមទៀត សំដៅជួយសម្រួល និងដោះស្រាយឱ្យបានជាអតិបរមាលើទុក្ខលំបាករបស់កុមារ និង គ្រួសារងាយរងគ្រោះ ជាពិសេសប្អូនៗកុមារី យុវតី យុវនារី នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here