ដោយ វុត្ថា
ភ្នំពេញ៖ លោកឧកញ៉ាលឹម ហេង អនុប្រធានពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាកម្ពុជា ភូមានឹងកើនឡើងមួយកម្រិតទៀតនាពេលអនាគត ខណៈពេលបច្ចុប្បន្នទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរមានត្រឹមតែ ១០លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។
លោក ឧកញ៉ា បានមានប្រសាសន៍តាមរយៈទូរស័ព្ទនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩ នេះថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាការរយៈពេល៣ថ្ងៃនៅកម្ពុជានាពេលនេះ លោកជឿថានឹងមេដឹកនាំប្រទេដសទាំងពីរ នឹងមានការជួបជជែកចចារ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលខាងមុខ។
លោកបន្តថា “ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរតូច ដោយសារប្រទេសភូមាជាប្រទេសផលិតកសិកម្ម និងជាប្រទេសនាំចេញដូចកម្ពុជាផងដែរ ហើយទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅមានកម្រិត”។
-->
លោកឧកញ៉ាលឹម ហេងបានបន្តថា អ្វីដែលប្រទេសទាំងពីរអាចសហការគ្នាបានគឺអាចធ្វើលើវិស័យកសិកម្ម និងកម្លាំងពលកម្ម ព្រោះប្រទេសភូមាមានកម្លាំងពលកម្មច្រើនហើយតម្លៃថោក ដែលកម្ពុជាអាចស្នើរសុំកម្លាំងពលកម្មពីប្រទេសភូមាមកធ្វើការនៅកម្ពុជា ដោយសារតែបច្ចុប្បន្ន និងអនាគតកម្ពុជា នឹងមានការខ្វះខាងកម្លាំងពលកម្មលើវិស័យជាច្រើន។
លោក ឡុង កែនវិចិត្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងផងដែរថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ភូមានៅមានកម្រិតនៅឡើយ ពោលគឺមានប្រហែលជាង១០ ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះដោយសារប្រទេសទាំងពីរ មានការនាំចេញនាំចូលលើផលិតផល ប្រហាក់ប្រហែលគ្នាដូចជាថ្នាំជក គ្រឿងចក្របន្តិចបន្តួច ផលិតកសិកម្ម ក្រដាសគូតុង និងថ្នាំសម្រាប់បាញ់សត្វល្អិត។
លោកបន្ថែមទៀតថា ភាគីទាំងពីរគ្រោងនឹងពិភាក្សា និងសិក្សាគ្នាលើគម្រោងមួយចំនួនទៀត ដើម្បីបង្កើនពាណិជ្ជកម្មបន្ថែមទៀត ដោយកន្លងមកក៏មានក្រុមហ៊ុនភូមាចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ហើយកម្ពុជាក៏ទៅចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្មនៅភូមាខ្លះដែរ តែមិនច្រើននោះទេ។
លោកឡុង កែមវិចិត្របានបន្តថា ការផ្លាស់ប្តូរទំហំពាណិជ្ជកម្មរវាងកម្ពុជា-ភូមា មិនត្រូវបានរំពឹងកើនឡើងខ្ពស់នោះទេ ព្រោះប្រទេសទាំងពីរសុទ្ធតែជាប្រទេសនាំចេញ ហើយផលិតផលដែលនាំចេញនោះ ក៏មានប្រហាក់ប្រហែលគ្នាដែរ។
លោកបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរគឺផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោក ពោលគឺមិនផ្តោតលើពាណិជ្ជកម្ម និងវិនិយោគឡើយ ដូច្នេះបានជាទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនៅមានកម្រិត។
ក្នុងជំនួបពិភាក្សាជាមួយ លោកស្រីអោង សានស៊ូជីនៅវិមានសន្តិភាព សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងពីអ្វីដែលប្រទេសទាំងពីរគួររកវិធី ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម និងជំរុញការវិនិយោគរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពប្រសើរឡើង៕