ដោយ រ៉ាណេត
ក្រុងព្រះសីហនុ៖ ស្របទៅនឹងសន្ទុះនៃកំណើនអភិវឌ្ឍលើវិស័យអចលនទ្រព្យ ដែលវត្តមានអាគារកប់ពពកកំពុងលូតឡើងជារៀងរាល់ថ្ងៃ បានជំរុញឱ្យក្រុងព្រះសីហនុ កែប្រែមុខមាត់ក្លាយជាទីក្រុងឆ្លាតវៃគួរជាទីមោទន។
ជាមួយគ្នាថ្នាក់ដឹកនាំខេត្តក៏បានជំរុញ និងបង្កើតការរៀបចំសណ្តាប់ធ្នាប់ និងបង្កើតសោភ័ណភាពក្រុង ទាំងមូលឱ្យកាន់តែលេចធ្លោ និងគួរជាទីទាក់ទាញបំផុត។
ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងជាមន្ត្រីជាន់ខ្ពស់ប្រចាំសាលាខេត្តព្រះសីហនុ លោក នង ឌីណារ៉ា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៣០ ខែមេសានេះថា បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំខេត្តបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការរៀបចំសណ្ដាប់ បង្កើនការពារប្រព័ន្ធសន្តិសុខ និងសុវត្ថិភាព ដើម្បីធ្វើយ៉ាងណាលើកទឹកចិត្ត និងផ្តល់ទំនុកចិត្តដល់បណ្តាអ្នកវិនិយោគ ក៏ដូចជាភ្ញៀវទេសចរផងដែរ។
-->
លោកបន្តថា “សព្វថ្ងៃនេះរដ្ឋបាលខេត្ត និងមន្ត្រីស្ថាប័នពាក់ព័ន្ធបានចុះធ្វើការជាប្រចាំ ទាំងផ្នែកសណ្តាប់ ក៏ដូចជាផ្នែកគ្រប់គ្រងលើចំណីអាហារ និងគ្រប់គ្រងលើការផ្តល់សេវាផ្សេងៗ ក្នុងនោះផ្នែកកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្រុងក៏យើងកំពុងតែធ្វើយ៉ាងសកម្ម ជាក់ស្ដែង ដូចជាគម្រោងស្ថាបនាផ្លូវចំនួន២២ខ្សែ ដែលរដ្ឋាភិបាលទម្លាក់មកឱ្យនោះ ខេត្តក៏បានចុះធ្វើជាបន្តបន្ទាប់ដើម្បីបង្កើនសោភ័ណភាពខេត្ត”។
លោកបានបន្តទៀតថា ដោយឡែកពាក់ព័ន្ធទៅនឹងការកសាងអាងចម្រោះទឹកស្អាត ដើម្បីលុបបំបាត់ទឹកកខ្វក់កុំឲ្យហូរចូលសមុទ្រនោះ គឺយើងបានធ្វើរួចរាល់ហើយ ជាពិសេសនៅតាមឆ្នេរ ក៏មានសោភ័ណភាពស្រស់ស្អាតដូចកាលគ្រាដើម ដោយយើងមានឧបករណ៍ និងគ្រឿងចក្រសម្រាប់សម្អាតតំបន់ឆ្នេរ ដូច្នេះចំពោះបញ្ហានៃភាពកខ្វក់នៅតាមតំបន់ឆ្នេរ គឺលែងមានទៀតហើយ។ ក្រៅពីនេះសាលាខេត្ត ក៏បានដាក់ចេញនូវគម្រោងអប់រំដល់ស្មារតីដល់បណ្តាប្រជាពលរដ្ឋក្នុងតំបន់ឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថាន ជាពិសេសមានការចេះគ្រប់គ្រងកាកសំណល់ ដើម្បីជាការចូលរួមក្នុងការបង្កើនភាពស្រស់ស្អាតក្រុងទាំងអស់គ្នា។
ជាមួយគ្នានេះ ក្រៅពីស្នើសុំដល់ម្ចាស់លំនៅដ្ឋាន ដែលស្ថិតនៅជាប់នឹងផ្លូវធំ ដោយមានការទុកចំណីខឿនថ្នល់ សម្រាប់អ្នកថ្នើរជើងធ្វើដំណើរ ខាងរដ្ឋបាលក្រុង និងខេត្ត ក៏បានបំពាក់នូវភ្លើងបំភ្លឺផ្លូវ ភ្លើងពណ៌ចម្រុះ ជាពិសេសមានបំពាក់នូវកាមេរ៉ាសុវត្ថិភាព នៅតាមគោលដៅសំខាន់ជាច្រើន ដែលសរុបចំនួន២៣១ គោលដៅ រួមមានដូចជា ក្រុងព្រះសីហនុ ចំនួន១៥០គោលដៅ ស្រុកព្រៃនប់ ចំនួន ៤៨ គោលដៅ ស្រុកកំពង់សិលាចំនួន១៣គោលដៅ ស្រុកស្ទឹងហាវចំនួន២០គោលដៅ៕




