ការសិក្សាថ្មីៈ CBRE Cambodiaបង្ហាញពីឱកាសវិនិយោគសម្រាប់ទីផ្សារអចលនទ្រព្យនៅក្រុងសៀមរាប

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមការសិក្សាស្រាវជ្រាវ ធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Cambodia បានបង្ហាញថា ទីក្រុងសៀម​រាបមានឱកាស ប្រកបដោយសក្តានុពល ក្នុងការវិនិយោគលើទីផ្សារអចលនទ្រព្យ ដូចជាលំនៅដ្ឋានជាដើម។

ជាមួយគ្នានេះ ដីនៅទីក្រុងសៀមរាបមានតម្លៃសមរម្យ។ តួយ៉ាង ដីលំនៅដ្ឋាន នៅតំបន់កណ្តាលក្រុងសៀមរាប ដែលមានទំហំចាប់ពី១.០០០ម៉ែត្រការ៉េចុះក្រោម មានតម្លៃចន្លោះពី៥០០ដុល្លារទៅ១.៨១០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ចំណែក ដីលំនៅដ្ឋាននៅតំបន់ ជាយក្រុងសៀមរាប ដែលមានទំហំចាប់ពី១.០០០ម៉ែត្រការ៉េចុះក្រោម មានតម្លៃចន្លោះពី៩៥ដុល្លារទៅ១៧០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមក្រុមហ៊ុនខាងលើនេះ។

ខេត្តសៀមរាបមានសក្តានុពលខ្ពស់ លើការអភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់មនុស្សចាស់ ក្រោយពេលរដ្ឋាភិបាលកម្ពុជា បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការដល់ជនបរទេស ដែលស្នាក់នៅរយៈពេលវែង និងកាត់បន្ថយតម្រូវការឯកសាររដ្ឋបាលផ្សេងៗ។ ជាពិសេស ថ្លៃចំណាយលើការរស់នៅ ក្រុងសៀមរាបមានតម្លៃសមរម្យ។

កត្តាសុវត្ថិភាព កត្តាសុខសន្តិភាព និងភាពទាក់ទាញក្នុងចំណោមភ្ញៀវទេសចរណ៍ មកពីបណ្តាប្រទេសលោកខាងលិច ធ្វើឱ្យទីក្រុងសៀមរាបក្លាយជាទីតាំងល្អ សម្រាប់ការបង្កើតសហគមន៍ ក្នុងគោលបំណងបំពេញតម្រូវការ និងរបៀបរស់នៅរបស់មនុស្សចាស់ ដែលស្វែងរកផាសុកភាព និងគុណភាពនៃជីវិត។

ទោះជាយ៉ាងណា កង្វះហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការថែទាំសុខភាពនាពេលបច្ចុប្បន្ន បង្កជាបញ្ហាប្រឈមដល់ជនបរទេស ដែលមានបំណងស្នាក់នៅរយៈពេលវែង។ នេះជាឱកាសសម្រាប់ការវិនិយោគផ្នែកថែរទាំសុខភាពលំដាប់អន្តរជាតិ ដើម្បីបំពេញកំណើននៃតម្រូវការក្នុងទីក្រុង។

លើសពីនេះ ភាពតានតឹងនៅតាមបណ្តោយ ព្រំដែននាពេលថ្មីៗនេះរវាងកម្ពុជា-ថៃ ជាសារក្រើនរំលឹកដល់កម្ពុជា ឱ្យពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ សំដៅកាត់បន្ថយនូវការពឹងផ្អែកលើបណ្តាប្រទេ​សជិតខាង និងពង្រឹងភាពធន់ ក្នុងការផ្តល់សេវាថែទាំសុខភាពនៅកម្ពុជា។

ខេត្តសៀមរាប នឹងនៅតែជាគោលដៅទេសចរណ៍មួយ ក្នុងចំណោ​មគោលដៅ ទេសចរណ៍សំខាន់បំផុតរបស់កម្ពុជា។ ក្នុងនោះ គម្រោងផ្លូវល្បឿនលឿន ពីក្រុងសៀមរាប ទៅកាន់រាជធានីភ្នំពេញ នឹងធ្វើឱ្យការធ្វើដំណើរកំសាន្ត នាពេលចុងសប្តាហ៍កាន់តែលឿន និងមានភាពងាយស្រួលជាងមុន។

ការណ៍នេះ ជំរុញឱ្យមានតម្រូវការនៃការអភិវឌ្ឍន៍ខុនដូ និងគម្រោងលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ដើម្បីផ្គត់ផ្គង់ដល់អតិថិជនក្នុងស្រុក ដែលកំពុងស្វែងរកនូវផ្ទះទី២។

ការសិក្សាដដែលបានបង្ហាញទៀតថា លើសពីនោះ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានា អាចទាញយកអត្ថប្រយោជន៍ពីនិន្នាការនេះ តាមរយៈការជ្រើសរើសបាន ទីតាំងអំណោយផល និងងាកទៅសាងសង់លំនៅដ្ឋានតម្លៃសមរម្យ។

ខណៈវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ងើបឡើងវិញសន្សឹមៗ និងមានភាពរីកចម្រើនហួសពីប្រាសាទអង្គរវត្ត ក្រុមហ៊ុន CBRE បានអះអាងថា សណ្ឋាគារ និងអគារអាផាតម៉ិន ទំនេរមួយចំនួនគួរត្រូវបានប្រែក្លាយ ទៅជាទីតាំងរស់នៅ សម្រាប់ក្រុមមនុស្សធ្វើការផ្នែកឌីជីថល(Digital Nomad) ភ្ញៀវស្នាក់នៅរយៈពេលវែង និងអ្នកធ្វើដំណើរក្នុងតំបន់។

ខេត្តសៀមរាបជាជម្រើសទីតាំងស្នាក់នៅ  ដែលមានសេវាកម្មម្ហូបអាហារប្រកបដោយវិជ្ជាជីវៈ បទពិសោធន៍វប្បធម៌ដ៏សម្បូរបែប និងសកម្មភាពចម្រុះជាច្រើនផ្សេងទៀត។

ការណ៍នេះពង្រឹងសក្តានុពល របស់ទីក្រុងសៀមរាបក្នុងការទាក់ទាញការវិនិយោគលើឧស្សាហកម្មMICE ដូចជាការសាងសង់សាលសន្និសីទ សាលប្រជុំ និងសាលតាំងពិព័រណ៍អន្តរជាតិ។

លើសពីនេះ ក្រុមហ៊ុនCBRE Cambodiaក៏សង្កេតឃើញមានសក្តានុពល ក្នុងការប្រែក្លាយផ្ទះតូចៗ នៅតំបន់ជាយក្រុងសៀមរាបទៅជាលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ សម្រាប់ជនបរទេស បុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល ភ្ញៀវទេសចរណ៍ ដែលមកទស្សនារយៈពេលវែង និងអ្នកធ្វើការពីចម្ងាយ(Freelancer)។

សង្កាត់នានានៅក្រុងសៀមរាប ដូចជា សង្កាត់ស្វាយដង្គំ និងសង្កាត់ស្រង៉ែ ផ្តល់នូវភាពស្ងប់ស្ងាត់ និងភាពងាយស្រួល ដែលស័ក្តិសមល្អបំផុត សម្រាប់ជនបរទេស ដែលស្វែងរកការរស់នៅប្រកប ដោយផាសុកភាព សហគមន៍ និងការចំណាយប្រកបដោយប្រសិទ្ធភាព៕ប្រភព: CBRE៕

LEAVE A REPLY

Please enter your comment!
Please enter your name here