ដោយៈ គង់ សូរិយា
កណ្តាលៈ ផ្លូវជាតិលេខ៥១ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ព្រមទាំងជាតំបន់ទីប្រជុំជន អំណោយផល សម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដែលបានចូលរួមបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ។
ផ្លូវជាតិនេះ ជាផ្លូវខ្សែក្រវាត់ក្រុងមួយ ដែលបានជួយសម្រួលការធ្វើដំណើរ ជាពិសេសអ្នកដែលរស់នៅដូចជា ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ជាដើម ដែលមានបំណងចង់ទៅខេត្តតំបន់មាត់សមុទ្រ មិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញទេ គឺអាចធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៥១នេះ។
-->
ផ្លូវជាតិលេខ៥១ក្រាលបេតុងកៅស៊ូAC មានប្រវែង៣៧,៩៥ គីឡូម៉ែត្រ ដោយភ្ជាប់ពីស្រុកឧដុង្គ នៃចំណុចប្រសព្វផ្លូវជាតិលេខ៥ ឆ្ពោះទៅថ្នល់ទទឹង នៃចំណុចប្រសព្វផ្លូវជាតិលេខ៤ ក្នុងទទឹងផ្លូវ១២ម៉ែត្រ។

តើតម្លៃដីនៅតំបន់នេះ មានការប្រែប្រួលដូចម្តេច? លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបាមមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៧ សីហានេះថា ចរន្តទិញដី សម្រាប់ឧស្សាហកម្ម កំពុងមានចលនាកំរើកឡើងវិញបណ្តើរៗនៅតំបន់ជាយរាជធានីភ្នំពេញ ដូចជាផ្លូវលេខ៤១ ផ្លូវលេខ៥១ ផ្លូវលេខ៤៤ជាដើម។
លោកស្រីបន្តថា ដីនៅតំបន់នេះ មានតម្លៃប្រែប្រួលអាស្រ័យតាមទីតាំង និងទំហំដី បើដីធំៗទំហំ២០ទៅ៣០ហិកតា មានតម្លៃចន្លោះពី៣០ទៅ៤០ដុល្លារ ប៉ុន្តែបើដីទំហំ៥ហិកតាចុះ មានតម្លៃ៥០ទៅ៦០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

