កម្ពុជា ចិននឹងរៀបចំកញ្ចប់ទស្សនកិច្ចនិងជើងហោះហើរត្រង់ពីទីក្រុងធានជីងមកកាន់កម្ពុជា

0

ដោយៈ គង់ សូរិយា

    ប្រទេសចិនៈ ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ សហគ្រាសទេសចរណ៍ធំៗពីរដ្ឋធានីប៉េកាំង និងទីក្រុងធានជីងចំនួន១០ បានសន្យាជម្រុញការរៀបចំកញ្ចប់ទស្សនកិច្ច និងភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា។

ក្នុងការអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឆ្លៀតពេលវេលាអនុញ្ញាតជូនលោក-លោកស្រី ជាប្រធានសហគ្រាសទេសចរណ៍ធំៗ ដ៏មានសក្តានុពលមកពីរដ្ឋធានីប៉េកាំង និងក្រុងធានជីងចំនួន១០ស្ថាប័ន ចូលស្តាប់ពីសភាពការណ៍ពិតពាក់ព័ន្ធនយោបាយ សន្តិសុខ សង្គម សក្តានុពលទេសចរណ៍ យន្តការលើកទឹកចិត្ត ក្នុងវិស័យទេសចរណ៍ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងពិភាក្សាការងារ លើការជំរុញលំហូរភ្ញៀវទេសចរពីប្រទេសចិនទៅកាន់ប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

នាឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីការធានាលើសុខសុវត្ថិភាព ជូនភ្ញៀវទេសចរអន្តរជាតិ ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្ហាញពីសក្ដានុពលទេសចរណ៍កម្ពុជាដល់លោក-លោកស្រី ដែលជាប្រធានសហគ្រាសទេសចរណ៍ ជាពិសេសគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍សំបូរបែប បដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់របស់ប្រជាជនខ្មែរ ម្ហូបអាហារដ៏ឆ្ងាញ់ពិសា និងមានគ្រប់ជម្រើស។

លោករដ្ឋមន្រ្តី ក៏បានជម្រាបពីឱកាសមាស សម្រាប់វិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា ដោយហេតុថាជាទីផ្សារដែលមានសក្តានុពល (Emerging Market) និងវិស័យដែលមានសក្តានុពលនានា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីរដ្ឋធានីប៉េកាំង និងក្រុងធានជីង មកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជា ជាមួយនឹងយន្តការលើកទឹកចិត្តនានា និងការផ្តល់អាទិភាពរបស់រាជរដ្ឋាភិបាល និងស្របតាមស្មារតីនៃ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥” ដែលបានគាំទ្រដោយប្រមុខថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។​

ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កា ភាគីកម្ពុជា និងភាគីសហគ្រាសចិន បានឯកភាពជំរុញការរៀបចំ កញ្ចប់ទស្សនកិច្ចបន្ថែមឱ្យកាន់តែច្រើនទៅកាន់កម្ពុជា ការភ្ជាប់ជើងហោះហើរត្រង់រវាងក្រុងធានជីង រាជធានីភ្នំពេញ និងខេត្តសៀមរាប ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ឱ្យបានទូលំទូលាយ និងព័ត៌មានពិតពីកត្តាសុខសុវត្ថិភាព ប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសគឺបានព្រមព្រៀងសហការរៀបចំ FAM Trip មកទស្សនាស្វែងយល់ពីសក្តានុពលទេសចរណ៍ និងវិនិយោគនៅកម្ពុជា និងការសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នានាឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន​ ២០២៥”៕

LEAVE A REPLY

Please enter your comment!
Please enter your name here