អបអរសាទរ! ក្រុងចំនួន៣និងស្រុកចំនូន២របស់កម្ពុជាទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន

0

ដោយៈ ចំណាន

    ម៉ាឡេស៊ីៈ ជាការអបអរសាទរមួយ ដែលទីក្រុងចំនួន៣ និងស្រុកចំនួន២របស់កម្ពុជា បានទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន (ASEAN ESC AWARD) និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត សម្រាប់ឆ្នាំ២០២៥។

ពិធីប្រកាស និងប្រគល់ពានរង្វាន់ ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាតនេះត្រូវបានធ្វើឡើង កាលពីថ្ងៃពុធ ទី៣ ខែកញ្ញានេះ នៅ​ក្នុង​​កិ​ច្ចប្រ​ជុំ​រដ្ឋ​ម​ន្រ្តី​ប​រិស្ថា​ន​អា​ស៊ាន លើកទី១៨ នៅទីក្រុងឡាំងកាវី ប្រទេសម៉ាឡេស៊ី។

ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុងទាំង៣នោះរួមមានក្រុងសៀម​រាប នៃខេត្តសៀមរាប ទទួល​បាន​ពានរង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​ឆ្នាំ​២០២៥ ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ទទួលបានវិញ្ញាបន​បត្រទទួល​ស្គាល់​សេដ្ឋកិច្ចចក្រា និងក្រុង​តាខ្មៅ នៃខេត្តកណ្តាល ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត។

ដោយឡែកទីប្រជុំជន ស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ខ្យល់ស្អាត និងស្រុក​ពញាក្រែក នៃខេត្តត្បូងឃ្មុំដដែលនេះ ទទួលបាន វិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាតផងដែរ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់​រដ្ឋ​មន្ត្រី​អា​ស៊ាន ​លើក​ទី​១​៨ ស្តី​ពី​ប​រិ​ស្ថាននេះ។

លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់កម្ពុជា លើឆាកអន្តរជាតិ ដែល​ទីក្រុង​ និង​ទី​ប្រជុំ​ជន​រ​បស់​​កម្ពុជាមានភាពស្អាត និងទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រទទួលស្គាលទាំងនេះ។

លោកបញ្ជាក់ថា “នេះបានឆ្លុះ​បញ្ចាំងឱ្យឃើញ នូវការដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា”។

លោករដ្ឋមន្រ្តីបានលើកឡើងថា កន្លងមកនេះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បាននិង​កំពុ​ងដា​ក់​ចេញ​កា​រ​ងារ​ជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយ​តបទៅ​នឹ​ងកា​រ​ប្រែប្រួ​ល​អា​កាស​ធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា បង្កើនគម្របបៃតង និង​ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ទាក់ទងនឹងភាពស្អាត ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាច្រើន ដើម្បីធ្វើការអនុវត្តទប់ស្កាត់​ការ​បំ​ពុលបរិស្ថាន ដោយផ្តោតលើភាពស្អាតផ្ទៃដី ភាពស្អាតផ្ទៃទឹក និងភាពស្អាតផ្ទៃមេឃ។ ក្នុងនោះមានការគាំទ្រ និង​ចូលរួមអនុវត្តសកម្មភាពពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន​គ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រឹះស្ថានសាធារណៈ ផ្នែកឯកជន អង្គការសង្គមស៊ីវិល ដៃគូ​អភិវឌ្ឍន៍ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទូទាំងប្រទេសជាដើម។

ក្រសួងបញ្ជាក់ថា “យុទ្ធនាការទាំងនេះ គឺសំដៅធ្វើយ៉ាងណាឱ្យផ្ទះរបស់យើង សង្គមយើង ប្រ​ទេ​សក​ម្ពុ​ជាមា​ន​ភា​ពស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង និងបរិស្ថានផង”។

លើសពីនេះ ក្រសួងបានដាក់ចេញភាពស្អាតផ្ទៃដី តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែល​មាន​អ្នកចូលរួមសរុបជាង១១លានអង្គ/នាក់។

យុទ្ធនាការ “កម្ពុជា ស្អាត ខ្មែរធ្វើបាន” បាន​ជំរុញ​សក​ម្ម​ភាព​រួមគ្នា ចេញរើសសំរាម សំណល់ប្លាស្ទិក ក្នុងពេលតែមួយ ដើម្បីសម្អាតតាមផ្ទះ តាមមូលដ្ឋាន និង​នៅ​តាម​ដ​ងផ្លូវ។ រហូតមកដល់ពេលនេះ មានអ្នកចូលរួមក្នុងយុទ្ធនាការ ជាង ៦លាន អង្គ/នាក់។

ចំណែកឯយុទ្ធនាការសម្អាតផ្លូវជាតិ “ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក” បាននិងកំពុង​ជំរុញឱ្យបណ្តា​ក្រុង ស្រុក ខណ្ឌនៅតាមដងផ្លូវជាតិមានភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ។

ដើម្បីភាពស្អាតផ្ទៃទឹក ក្រសួងបរិស្ថានបានផ្តោតលើការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹក ពីរោងចក្រ សហគ្រាស។ ក្រសួងបានអនុវត្តច្បាប់១០០% ដោយតម្រូវឱ្យប្រភពបំពុល ត្រូវបំពាក់និងដំណើរ​ការ​ប្រ​ព្រឹត្ត​កម្មសំណល់រាវ និងធ្វើការបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ ស្របតាមច្បាប់ជាធរមាន។

គិត​ត្រឹមខែសីហា ឆ្នាំ២០២៥ នេះ មានរោងចក្រចំនួន៥២ បានចុះកិច្ចសន្យារួច។ ក្នុងនោះមានរោងចក្រ​ចំនួន​៤២ បានបំពាក់ឧបក​រណ៍ស្វ័យប្រវត្តិនេះរួចរាល់ ជាពិសេសនៅខេត្តកណ្តាល មានចំនួនច្រើនជាងគេ ហើយ​នឹង​ត្រូវប្រកាសជាខេត្តគំរូរបស់កម្ពុជា ដែលបានចូលរួមអនុវត្តភាពស្អាតផ្ទៃទឹក នៅពេលខាងមុខ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here