ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមវិនិយោគិនពីបណ្តាប្រទេសមជ្ឈឹមបូព៌ា ចាប់អាម្មរណ៍ស្វែងយល់ពីសក្តានុពលទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism) និងវិនិយោគរបស់ក្រុមហ៊ុន។
ក្នុងឱកាសស្នាក់នៅទីក្រុងហូជីម៉ិញ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនក្រុមវិនិយោគិន ពីបណ្តាមជ្ឈិមបូព៌ា ដែលកំពុងប្រកបអាជីវកម្ម លើគ្រប់ផ្នែកនៅទីក្រុងហូជីម៉ិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីផ្សព្វផ្សាយពីសភាពការណ៍ពិតអំពីនយោបាយ សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា និងកាលានុវត្តវិនិយោគនៅកម្ពុជា។
ក្នុងឱកាសនៃជំនួបនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមវិនិយោគិន ដែលបានចាប់អាម្មរណ៍ពីសក្តានុពល ទេសចរណ៍ ពិសេសគឺទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism) និងកាលានុវត្តវិនិយោគនៅកម្ពុជា។
លោកហួត ហាក់ បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម សុខសុវត្ថិភាពផ្តល់ជូនដល់វិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ យន្តការលើកទឹកចិត្ត និងការធានាជូនវិនិយោគិន សក្តានុពលទេសចរណ៍ ដ៏មានសន្ទុះខ្លាំងក្លា ដែលជាទីផ្សារទើបនឹងរះឡើង ព្រមទាំងមានកម្លាំងពលកម្មដែលសកម្ម និងប្រកបដោយគុណភាព ហេដ្ឋារចនាសម្ព័ន្ធបានអភិវឌ្ឍល្អប្រសើរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានយកឱកាសនេះបញ្ជាក់ជូនអំពីប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិ ប្រកបដោយសុវត្ថិភាព មិត្តភាព ផ្តល់ភាពកក់ក្តៅ និងទាក់ទាញ។
ក្នុងន័យនេះ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ឥតប្រែប្រួល គឺថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេសជាមិត្ត ទោះក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីធានាដល់ការអភិវឌ្ឍលើគ្រប់វិ ស័យទាំងសេដ្ឋកិច្ច និងសង្គម ជាពិសេសគឺសុខសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា បូករួមទាំងមិត្តវៀតណាម ភ្ញៀវទេសចរវៀតណាម និងភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅកម្ពុជា ជាពិសេសគឺបានត្រៀមខ្លួនជាស្រេច លើការទទួលបដិសណ្ឋារកិច្ច ទេសចរណ៍ម៉ូស្លីម (Muslim Friendly Tourism)៕