ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញនានាបានលើកឡើងថា ការវិនិយោគដីនៅតំបន់ជាយក្រុង នៅតែមានឱកាសចំណេញនាពេលអនាគត ដោយសារកត្តាមួយចំនួន។
ការរីកចម្រើនសេដ្ឋកិច្ច បាននិងកំពុងធ្វើឲ្យទីក្រុងកាន់តែរីក នគរូបនីយកម្មកាន់តែរីកចម្រើន។
សហស្ថាបនិក និងងអគ្គនាយកគេហទំព័រPropertyarea លោកយិន លាងគង់ ដែលបានតាមដានវិវត្តន៍ នៅក្នុងវិស័យនេះក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកបានលើកឡើងថា ការវិនិយោគលើដីធ្លីនៅតំបន់ជាយក្រុង នៅតែមានឱកាសចំណេញច្រើន ក្នុងលក្ខខ័ណ្ឌអ្នកទិញរកបានទីតាំងល្អ មានផ្លូវធំ មានផែនការអភិវឌ្ឍន៍ច្បាស់លាស់របស់រដ្ឋាភិបាល និងមានតម្លៃល្អ ពិសេសទិញក្រោមតម្លៃទីផ្សារ។
លោកបន្តថា “ការរីកចម្រើនសេដ្ឋកិច្ច កំណើនប្រជាសាស្រ្ត នឹងធ្វើឲ្យការពង្រីកទីក្រុងនឹងមានជាបន្តបន្ទាប់ ស្របពេលតម្រូវការលំនៅដ្ឋាន និងសេវាកម្មនានាកើនឡើង នឹងធ្វើឲ្យតម្រូវការដីកើនឡើង”។ លោកបន្ថែមថា “នៅពេលតម្រូវការដីកើនឡើង តម្លៃដីនឹងកើនឡើងព្រមគ្នាផងដែរ ប៉ុន្តែក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន អ្វីៗពិតជាត្រូវការពេលវេលាវែងជាងមុន”។
លោកព្រមានថា ការពង្រីកការវិនិយោគ ដោយមិនមានលំហូរទឹកប្រាក់ល្អ សេដ្ឋកិច្ចគ្រួសារមិនរឹងមាំ មិនគួរវិនិយោគនាពេលនេះទេ ព្រោះការបញ្ចូលលំហូរសាច់ប្រាក់ក្នុងដីធ្លី អាចធ្វើឲ្យមានការចំណាយពេលវែង ទើបអាចលក់ដីចេញ និងរកផលចំណេញបាន៕