ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និង ទីក្រុងប៉ារីស បានចេញផ្សាយសៀវភៅ ស្តីអភិវឌ្ឍន៍ទីក្រុងភ្នំពេញជាពិសេសការផ្លាស់ប្តូរទីក្រុងភ្នំពេញឱ្យមានពណ៌បៃតងដែលចំណាយថវិកាបោះពុម្ភអស់១២ម៉ឺនដុល្លារអាម៉េរិក ។
លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅក្នុងពិធីផ្សព្វផ្សាយសៀវភៅនេះកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ បានឲ្យដឹងថា សៀវភៅនេះចែកចេញជាពីរប្រភេទសំខាន់ ដោយការផ្លាស់ប្ដូរទីក្រុងឱ្យទៅជាទីក្រុងមានពណ៌បៃតង និងមានបរិស្ថានល្អ។ សៀវភៅនេះបានសរសេរគិតទុកជាមុនពីបញ្ហាបរិស្ថាន បញ្ហាទឹកជំនន់ និងលើកទឹកចិត្តចំពោះអ្នកអាន ពិសេសអ្នកដែលពាក់ព័ន្ធនឹងធ្វើការងារអភិវឌ្ឍន៍ទីក្រុង។
លោក នួន ផារ័ត្នបន្តថា សៀវភៅនេះគឺបានគិតទុកជាមុនពីបញ្ហាបរិស្ថាន បញ្ហាការអភិវឌ្ឍទីក្រុងសម្រាប់ពេលអនាគត។ ជាមួយគ្នានេះ លោក ក៏បានថ្លែងអំណរគុណចំពោះទីក្រុងប៉ារីស ដែលបានបង្កើតប្លង់គោល ដែលជាប្លង់តម្រង់ទិសសម្រាប់រាជធានីភ្នំពេញឆ្ពោះទៅរកការអភិវឌ្ឍនិងរីកចម្រើន ។
លោកក៏បានថ្លែងអំណរគុណចំពោះក្រុមការងារ ដែលរួមសហការគ្នារវាងទីក្រុងភ្នំពេញ និងទីក្រុងប៉ារីស បង្កើតឱ្យមានឡើងនូវសៀវភៅដ៏ល្អនេះ និងបំពេញបន្ថែមនូវអ្វីដែលមាននៅក្នុងដៃ រក្សាបានទីក្រុងមានភាពបៃតង ជាទីក្រុងវៃឆ្លាត។
រដ្ឋបាលរាជធានីភ្នំពេញ និងទីក្រុងប៉ារីសប្រទេសបារាំងកាលពីពេលថ្មីៗកន្លងមកនេះ បានចាប់ផ្តើមពិភាក្សាពីគម្រោងផែនការនៃការអភិវឌ្ឍតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ និងគម្រោងសិក្សាកែលម្អតីរវិថីព្រះស៊ីសុវត្ថិ៕