ដោយៈ ម៉ាណា
កំពតៈ ក្រុមហ៊ុនសុខាReal Estate ដែលបាននិងកំពុងអភិវឌ្ឍន៍ទីក្រុងបូកគោ បានបង្ហាញពីវឌ្ឍនភាពនៃការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ ម៉ែត្រ លើខ្នងភ្នំបូកគោ។
យោងតាមផេកផ្លូវការរបស់ក្រុមហ៊ុនSokha Real Estateបានឲ្យដឹងថា ខឿននិងបល្ល័ង្កព្រះអង្គ ដែលមានកម្ពស់សរុប២៧ម៉ែត្រនឹងបញ្ចប់ការងារសាងសង់ក្នុងពេលឆាប់ៗនេះ ហើយបន្ទាប់ពីនេះ នឹងចាប់ផ្ដើមបន្តតម្លើងពុម្ព ដើម្បីកសាងរូបព្រះពុទ្ឋអង្គ។
ក្រុមហ៊ុនបញ្ជាក់ថា “ដូច្នេះក្នុងពេលឆាប់ៗនេះ ព្រះពុទ្ធប្បដិមាកម្ពស់១០៨ ម៉ែត្រនឹងលេចរូបរាងឡើងបន្តិចម្តងៗហើយ”។
អ្នកឧកញ៉ាសុខ គង់ប្រធានអគ្គនាយកក្រុមហ៊ុនសុខាគ្រុបបានមានប្រសាសន៍ឲ្យដឹងកាលពីពេលកន្លងមកថា ការសាងសង់ពុទ្ឋបដិមានេះ ដើម្បីចូលរួមចំណែកលើកកំពស់វិស័យព្រះពុទ្ឋសាសនា និងលើកកំពស់វិស័យទេសចរណ៍នៅក្នុងខេត្តកំពត ដែលជាខេត្តមួយមានសក្តានុពលលើវិស័យទេសចរណ៍ ពិសេសភ្នំបូកគោ ដែលក្រុមហ៊ុនកំពុងរៀបចំផែនការអភិវឌ្ឍន៍ជាSmart City។
លោកបន្តថា “ការសាងសង់ព្រះពុទ្ឋបដិមាដ៏ធំ និងខ្ពស់នេះនឹងចំណាយថវិកាប្រមាណ៣០លានដុល្លារអាមេរិក ដែលពុទ្ឋអង្គនេះនឹងមានកំពស់ខ្ពស់ជាងគេក្នុងពិភពលោក និងស្ថិតក្នុងចំណោមពុទ្ឋបដិមាខ្ពស់ៗនៅលើពិភពលោកផងដែរ”៕