ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក MA Tieqiao អគ្គនាយកក្រុមហ៊ុន Guilin Junda Transportation និងសហការី ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ព្រមទាំងកិច្ចសហការគាំទ្រ លើគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍។
រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម បោះទុនវិនិយោគរបស់ក្រុមហ៊ុនដែលបានចាប់អារម្មណ៍លើ សក្តានុពលទេសចរណ៍ ប្រកបដោយថាមពលរបស់កម្ពុជា ដែលជាទីផ្សារទើបនឹងរះ ព្រមទាំងការជឿជាក់ដ៏មុតមាំ លើការដឹកនាំប្រកបដោយគតិបណ្ឌិត ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តធានានូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ជួយឱ្យមានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់វិស័យទេសចរណ៍ និងការធានាសុខសុវត្ថិភាពដល់អ្នកទេសចរជាតិ និងអន្តរជាតិ។
 
             
 
 
 

 
 
 









 
 
