ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអនុញ្ញាតជូនលោក Arturo Planell នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Visa Worldwide Pte. Limited ពិភាក្សាការងារលើការអនុវត្តជាក់ស្តែង នូវខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។
ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគាំទ្រ ក្នុងវិស័យទេសចរណ៍កន្លងមករបស់ក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច សណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រសើរ របស់ប្រទេសកម្ពុជាកន្លងមកដល់អតិថិជន និងពិភពលោកទាំងមូល។
 
             
 
 
 

 
 
 

 
 






 
 
