ក្រសួងទេសចរណ៍និងស្ថានទូតចិនពិភាក្សាពីការតភ្ជាប់ជើង ហោះហើរបន្ថែម

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងទេសចរណ៍ និងស្ថានទូតចិនបានបើកកិច្ចប្រជុំយន្តការត្រីភាគីលើកទី២ និងក្រុមហ៊ុនទេសចរណ៍ចិនធំៗ វិស័យឯកជនកម្ពុជានាំមុខ ដើម្បីរួមគ្នាជំរុញកំណើនទេសចរចិន និងការតភ្ជាប់ផ្លូវអាកាសបន្ថែម។

កិច្ចប្រជុំនេះមានការចូលរួមពីលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំយន្តការត្រីភាគី លើកទី២ រវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ចិនធំៗជាច្រើន ដោយមានការចូលរួមពីលោកWang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Li Chuan អនុប្រធានមន្ទីរវប្បធម៌ ទេសចរណ៍ខេត្តជាំងស៊ូ លោក Gou Kaibo អនុប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន, លោកស្រី Zheng Lijuan នាយកប្រតិបត្តិ China Tourism Group Travel Services Corporation Limited (CTG Travel), លោក Zhang Wu’an អនុប្រធានក្រុមហ៊ុនអាកាសចរណ៍ Spring Airline ព្រមទាំងមន្រ្តីពាក់ព័ន្ឋ និងតំណាងវិស័យឯកជននានាជាច្រើន​។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានស្នើឯកឧត្តមអគ្គរដ្ឋទូត មន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ និងខេត្តយូណាន ក៏ដូចជាវិស័យឯកជនចិន ជួយជំរុញដល់ការទាក់ទាញ និងនាំយកនូវក្រុមហ៊ុនអាកាសចរណ៍ក្នុងខេត្តរបស់ខ្លួន ក៏ដូចជាខេត្តផ្សេងៗទៀតក្នុងប្រទេសចិន ធ្វើការហោះហើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ របស់ប្រទេសកម្ពុជាដូចជា ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីជំរុញការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ លោកហួត ហាក់ក៏បានស្វាគមន៍វិស័យឯកជនចិនដែលមានវត្តមាន និងស្នើជួយកៀរគរដៃគូរ ឬបុត្រសម្ព័ន្ធរបស់ខ្លួន មកវិនិយោគនៅប្រទេសកម្ពុជា ក្នុងវិស័យទេសចរណ៍ និងវិស័យសក្តានុពលដ៏ទៃទៀត ដោយនាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវការលើកទឹកចិត្ត និងអាទិភាពបង្កបរិយាកាសអំណោយផលជាច្រើន ដល់វិនិយោគិនបរទេសមកវិនិយោគនៅប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានស្នើរៀបចំផែនការសកម្មភាព និងអនុវត្តជាក់ស្តែងជំរុញកិច្ចប្រតិបត្តិការជាក់ស្តែង និងសកម្មលើអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះកន្លងមក ក៏ដូចជាការៀបចំ Famtrip និងការថតភាពយន្តទេសចរណ៍ (Film Tourism) រវាងកម្ពុជា-ចិនឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

ក្នុងកិច្ចប្រជុំនេះ ភាគីដែលបានចូលរួម បានឯកភាពអនុវត្តឱ្យបានជាក់ស្តែង និងសកម្មលើចំណុចដែលបានពិភាក្សា ក្នុងកិច្ចប្រជុំដែលផ្តោតលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗ និងមានលក្ខណៈទាក់ទាញ ការសម្របសម្រួលការធ្វើដំណើរទៅមក រវាងប្រជាជនទាំងពីរឱ្យបានងាយស្រួល និងការតភ្ជាប់ផ្លូវអាកាសឱ្យកាន់តែច្រើនគោលដៅ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែទូលំទូលាយ និងទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងអន្តរជាតិមកទេសចរប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here