ដោយ នី វឌ្ឍនា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអះអាងថា អាស៊ានជាទីផ្សារធំលំដាប់ទី៣របស់កម្ពុជា ហើយកម្ពុជាបានទទួលនូវផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនពីការចូលជាសមាជិកនៃក្រុមគ្រួសារអាស៊ាន ដែលធ្វើឲ្យកម្ពុជាសម្រេចបាននូវកំណើន សេដ្ឋកិច្ចខ្ពស់រហូតដល់ ៧.៥ភាគរយ។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានថ្លែងក្នុងឱកាសខួប២០ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា នៅវិទ្យាស្ថានជាតិអប់រំកាលពីព្រឹកថ្ងៃទី៣ ខែឧសភានេះបានឲ្យដឹងថា បច្ចុប្បន្នអាស៊ាន គឺជាទីផ្សារធំជាងគេទី៣របស់កម្ពុជា បន្ទាប់ពីសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។
លោកបន្ថែមថា អាស៊ានបានជួយសម្រួលដល់ដំណើរការសេដ្ឋកិច្ច ការវិនិយោគ ការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងក្នុងបណ្ដាប្រទេសអាស៊ាន ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងទីផ្សារសេរី និងកិច្ចព្រមព្រៀងជាច្រើនទៀតជាមួយដៃគូអាស៊ាន។
លោករដ្ឋមន្ត្រីបន្តថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក៏កំពុងប្រែក្លាយកម្ពុជាពីប្រទេសដែលមានចំណូលកម្រិតទាប ទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេស សមាជិកអាស៊ានដទៃទៀតបានកើនឡើងពី៤ភាគរយនៅឆ្នាំ១៩៩៩ ដល់ជាង២០ភាគរយនៅឆ្នាំ២០១៨៕






