ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ស្ថាបនិកបុរីវិមានសំណាង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនKhmer Real Estate លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានលើកឡើងថា ដីធ្លីនៅតំបន់ជុំវិញព្រលានយន្តហោះថ្មី បានឡើងថ្លៃរួចទៅហើយ និងឡើងថ្លៃបន្ថែមទៀត អាស្រ័យលើកត្តាមួយចំនួន។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា អាប៉ោងបានបើកគ្របហើយ ការបើកព្រលានយន្តហោះអន្តរជាតិតេជោកាលពីថ្ងៃទី៩ ខែ៩ ឆ្នាំ២០២៥ បានឡើងថ្លៃរួចហើយតាំងពីការប្រកាសសាងសង់ព្រលានយន្តហោះនេះ។
លោកបន្តថា “អញ្ចឹងសួរថាតើដីធ្លីនឹងឡើងថ្លៃបន្តទៀតឬអត់? ចម្លើយវានឹងឡើងថ្លៃបន្តទៀត អាស្រ័យលើព្រលានយន្តហោះជារឿងមួយ តែកត្តាមួយទៀតអាស្រ័យលើសេដ្ឋកិច្ចមូលដ្ឋាន”។ លោកបន្តថា “សេដ្ឋកិច្ចមូលដ្ឋាន អាស្រ័យលើអាជីវកម្មនៅជុំវិញតំបន់ហ្នឹង ដែលវាត្រូវការសណ្ឋាគារ ភោជនីយដ្ឋាន អាជីវកម្មនានានៅតំបន់ហ្នឹងរីកចម្រើន”។
លោកឧកញ៉ាបណ្ឌិតបានបន្តថា តំបន់ដែលមានតម្រូវការដីធ្លី និងតម្លៃកើនឡើង គឺនៅតាមផ្លូវចេញពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ តែមិនកៀកព្រលានទេ តែជាផ្លូវចេញពីព្រលានយន្តហោះ គឺផ្លូវ៦០ម៉ែត្រ ទៅកាន់ព្រលានកំពុងឡើងថ្លៃនិងអាចលក់បាន។
លោកបណ្ឌិតបានបន្តថា បើគិតពីការប្រកាសសាងសង់ព្រលាន រហូតដល់បច្ចុប្បន្ន គឺតម្លៃដីនៅតំបន់ជុំវិញព្រលានយន្តហោះនេះ កើនឡើងរាប់រយដង ដែលនៅលើពិភពលោក មិនសូវមានការឡើងថ្លៃបែបនេះទេ តែកម្ពុជាជាប្រទេសដែលដីកើនឡើងខ្ពស់មួយ ក្នុងចំណោមប្រទេសតិចតួចនៅលើពិភពលោក៕