ដោយៈ ម៉ាណា
ម៉ាឡេស៊ីៈ ក្រសួងទេសចរណ៍ បានតាំងបង្ហាញម្ហូបអាហារអត្តសញ្ញាណខ្មែរ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកប៉ាក់ សុខុម តំណាងរដ្ឋមន្រ្តីក្រសូងទេសចរណ៍ បានដឹកនាំប្រតិភូចូលរួមពិព័រណ៍ Food and Hotel Malaysia 2025 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Informa Markets។
-->
ពិព័រណ៍កម្រិតអន្តរជាតិនេះ មានការចូលរួមពីតំណាងរដ្ឋាភិបាល និងវិស័យឯកជន មកពីជុំវិញពិភពលោកសរុបចំនួន១,៥០០ស្តង់ ដោយផ្តោតសំខាន់ លើការលើកកម្ពស់វិស័យម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ដោយរំពឹងថាមានអ្នកចូលរួមជាអ្នកលក់ និងអ្នកទិញ (Buyers-Sellers) និងអ្នកទស្សនាប្រមាណ១២,០០០នាក់ ក្នុងរយៈពេល៥ថ្ងៃនេះ។
នាឱកាសនោះផងដែរ ក្រសួងទេសចរណ៍ សហការជាមួយសណ្ឋាគារ ណាហ្គាវើល និងសមាគមចុងភៅកម្ពុជា បាននាំយកម្ហូបអាហារអត្តសញ្ញាណខ្មែររួមមាន ហហ្មុកត្រី នំបញ្ចុក និងគ្រាប់ស្វាយចន្ទី ដើម្បីតាំងបង្ហាញជូនភ្ញៀវ ដែលចូលមកទស្សនាស្តង់ពិព័រណ៍របស់ក្រសួងទេសចរណ៍ ដើម្បីជាការលើកកម្ពស់វិស័យម្ហូបអាហារ និងបង្ហាញពីគោលដៅទេសចរណ៍ ទាក់ទាញរបស់កម្ពុជាផងដែរ។

លើសពីនេះ យុវជនកម្ពុជាចំនួន៣រូប ក៏នឹងចូលរួមការប្រកួតជំនាញធ្វើម្ហូប ក្នុងកម្មវិធី Mamee Asian Culinary Cup ដែលមានបេក្ខជនចូលរួមប្រកួតសរុបចំនួន៣៦រូប មកពី១២ប្រទេស នៅក្នុងតំបន់អាស៊ី។
តាមរយៈពិព័រណ៍នេះ ក្រសួងទេសចរណ៍នឹងជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា បានកាន់តែល្អប្រសើរថែមទៀតលើឆាកអន្តរជាតិ ជាពិសេសផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគលើវិស័យម្ហូបអាហារ ព្រមទាំងជំរុញលើកកម្ពស់ ជំនាញវិជ្ជាជីវៈទេសចរណ៍ផងដែរ៕
