ដោយៈ ចេញ ចំរើន
កំពតៈ ការនឹកដល់ស្រុកកំណើត កន្លែងធ្លាប់រកឃ្មុំ ឃ្មាលគោ ក្របី និងគយគន់ទេសភាពខៀវស្រងាត់ ជាសេចក្តីសុខផ្លូវចិត្តមួយរបស់អ្នកភូមិជនបទកម្ពុជា។
ប៉ុន្តែអារម្មណ៍មួយនេះ បានរងភាពស្រងេះស្រងោច ខណៈភ្នំមួយចំនួននៅស្រុកកំពង់ត្រាចបានបាត់បង់ ហើយសន្យល់នូវរណ្តៅដីក្រហេង ក្រហូង បន្សល់នូវត្រឹមតែអនុស្សាវរីយ៍។
លោកចេង ចំរើន ប្រជាពលរដ្ឋ មានស្រុកកំណើតនៅភូមិកូនអ្នកភូមិបាយទា ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពតបានសរសេររំលឹកអនុស្សាវរីយ៍ ជាមួយការសោកស្តាយថា អាជីវកម្មជីកដីភ្នំប្រមាណ10ឆ្នាំមកនេះ ភ្នំខ្លះបានរលាយផុតពីផែនដីនេះទៅហើយ ទាំងមានអាជ្ញាប័ណ្ណ និងមិនមានអាជ្ញាប័ណ្ណ គឺបានប្រព្រឹត្តិទៅយ៉ាងរលូន និងស្ងប់ស្ងាត់ល្អណាស់ បូករួមភ្នំជុំវិញភូមិកំណើតខ្ញុំក៏ជិតអស់ និងហិនហោចបណ្តើរៗផងដែរ។
លោកបញ្ជាក់ថា “ខ្ញុំមិនមានសិទ្ធិសួរនាំ លើការធ្វើអាជីវកម្មទាំងនោះថាមាន ឬមិនមានអាជ្ញាបណ្ណធ្វើអាជីវកម្មជីកភ្នំនេះទេ តែក្នុងនាមជាកូនអ្នកស្រុកធ្លាប់រស់នៅ អាស្រ័យសម្បត្តិធម្មជាតិនោះពីក្មេងៗ ធ្លាប់ឃ្វាលគោ រកអុស បេះស្លឹកល្ងៀង រកឃ្មុំ បេះប្រក្រុង ជាពិសេសបែកភ្នែកព្រឹកឡើងមកឃើញសម្រស់ភ្នំ ដ៏ខៀវស្រងាត់គួរជាទីគយគន់ អមដោយពពក អព្វ និងប្រយោជន៍ជាច្រើនទៀត ដល់ប្រជាសហគមន៍ពួកយើងកន្លង ឥឡូវប្រែមកជាវាលរណ្តៅដី ក្រហេងក្រហួង ឃើញហើយស្រងេះស្រងោចចិត្តអាណិតភ្នំ ព្រោះមិនអាចជួយអ្វីបាន”។
ជាក់ស្តែងភ្នំថ្កូវ ឬភ្នំកូវ និងភ្នំក្ងាប ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ទីតាំងទាំងពីរនេះ នៅដំណើរការដល់សព្វថ្ងៃ និងកាន់តែធំទៅៗ ភ្នំថ្កូវស៊ីរោងពីកណ្តាលភ្នំបុកដល់ត្បូង មើលពីផ្ទះឃើញក្រហីងក្រហោង តែខាងជើងមើលពីផ្លូវជាតិមកស្អាតចេស គ្មានឃើញខូចភ្នំទេ ចំណែកភ្នំក្ងាប ស៊ីកណ្តាលរាប ធ្លាយដល់លិច ចំណែកផ្លូវខូចអស់ខ្ទេច ដើរចង់ក្រេចបែកមេជើង អ្នកក្រុងចូលម្តងៗ ស្បថផាយវឹង ព្រោះស្រុកយើងផ្លូវស្រួលពេក។
លោកបន្តថា សារខ្ញុំទៅកាន់មន្ត្រីបងដែលពាក់ព័ន្ធ និងម្ចាស់អាជីវកម្មទាំងនោះ បើបានចំណូល និងចំណេញហើយគិតគួរដល់ប្រយោជន៍ ប្រជាសហគមរស់នៅជុំវិញនោះផង ជាពិសេសអ្នករស់នៅអមផ្លូវឡានដឹកដី និងអ្នកដែលរស់នៅក្បែរគ្រឿងចក្រ កាយទាំងយប់ទាំងថ្ងៃ នោះ អាសូរត្រចៀក អាសូរសួតពួកគាត់ផង បើមិនបានជួយអ្វីច្រើន ជួយចាក់ផ្លូវអោយស្រួល ដើម្បីឡានដឹកដីរបស់អស់លោកបរកាត់ បន្ថយសំលេងរំខាន ដល់គេឯងទាំងមិនបានប្រយោជន៍ ព្រោះបើតាមស្ថានភាពសព្វថ្ងៃនេះតាមផ្លូវទាំងនោះ មហាវេទនាផ្លូវចូល កុំថាឡើយអ្នកភូមិរស់នៅ ត្រូវធ្វើដំណើរចុះឡើងរាល់ថ្ងៃ សូម្បីខែបុណ្យទានម្តងម្កាល ជិះតែម៉ូតូចូល សឹងតែមិនដល់ផ្ទះ បើខែភ្លៀងវិញ បែកម៉ាំ។
លោកបន្តជាមួយនឹងនឹងអារម្មណ៍សោកស្តាយថា “រឿងនេះសូមយ៉ៗប៉ុណ្ណឹង សូមអធ្យាស្រ័យ និងគោរពពីចម្ងាយចំពោះថ្នាក់ដឹកនាំស្រុកកំពង់ត្រាច ខេត្តកំពត បើភ្នំអស់ សូមឱ្យមានផ្លូវ យ៉ាងហោចរាស្ត្រនៅមានធម៌អារ្យ កុំចាំផ្លូវដាច់រាស្ត្ររងទុក្ខា រួចឆ្លើយដាក់គ្នាថាមិនបានដឹងទៀត”៕