ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងទេសចរណ៍ កំពុងដាក់គោលដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមូស្លីម ឱ្យធ្វើដំណើរមកកម្សាន្តកាន់តែច្រើន តាមរយៈការរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ ដែលនឹងចាប់ផ្តើមនៅខែតុលាខាងមុខ ក្នុងរាជធានីភ្នំពេញ។
យោងតាមលិខិតរបស់ក្រសួងទេសចរណ៍ កាលពីចុងសប្តាហ៍មុន ឱ្យដឹងថា ចាប់ពីថ្ងៃទី៩-១១ ខែតុលា ឆ្នាំ២០២៥ នៅក្នុងបរិវេណនៃវិហារអាល់សារកាល់ (វិហារឥស្លាមបឹងកក់) ដែលស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នឹងមានរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ “អាស់សាឡាបូអាឡៃគុមកម្ពុជា៖ គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត”។

ក្រសួងទេសចរណ៍បានបង្ហាញថា ព្រឹត្តិការណ៍នេះមានគោលបំណងចម្បងចំនួន៣ រួមមាន ទី១.ការប្រកាសស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្តសម្រាប់ទេសចរ គ្រប់ជាតិសាសន៍មកពីគ្រប់ទិសទី ទី២ដើម្បីបង្ហាញពីភាពសម្បូរបែប នៃសក្តានុពលទេសចរណ៍កម្ពុជា ដែលសមស្របជាមួយទីផ្សារទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្វ្រេនលីកម្ពុជា។
ទី៣ ការត្រៀមលក្ខណៈសម្បត្តិ ក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីមឱ្យស្របតាមនិន្នាការ និងតម្រូវការទីផ្សារទេសចរណ៍មូស្លីមជាតិ-អន្តរជាតិ ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។
ក្រសួងបានបញ្ជាក់ថា វេទិកាខាងលើ នឹងមានវាគ្មិនជាអ្នកជំនាញទេសចរណ៍ មន្ត្រីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគមន៍មូស្លីម ធុរជន និងវិស័យឯកជន ដែលនឹងជជែកពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធល្អៗ និងផ្តល់ធាតុចូលបន្ថែម ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន។
ទិន្នន័យក្រសួងទេសចរណ៍ឱ្យដឹងថា ចន្លោះពីខែមករា-សីហា ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ អន្តរជាតិជាង៤លាននាក់។ ក្នុងនោះប្រជាជន នៃបណ្តាប្រទេសកាន់សាសនាមូស្លីម ដែលធ្វើដំណើរមកកម្ពុជាច្រើនមានដូចជា ឥណ្ឌូនេស៊ីចំនួន៩២,០៥៣នាក់ ម៉ាឡេស៊ី៥៩,១២៥នាក់ បង់ក្លាដេស១៣,៦៦៧នាក់ ប៉ាគីស្ថាន១៣, ០១៤នាក់ និងតួកគី៦០៨០ នាក់។ល។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល “ស្ដីពីការទទួលបដិសណ្ឋារកិច្ចទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្រ្វែនលីកម្ពុជា” កាលពីខែសីហា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានលើកឡើងថា កម្ពុជាកំពុងធ្វើពិពិធកម្ម ទេសចរណ៍អន្តរជាតិរបស់ខ្លួនឱ្យកាន់តែមានលក្ខណៈចម្រុះ និងទូលំទូលាយ ដោយនឹងព្យាយាមចាប់យកទីផ្សារទេសចរណ៍មូស្លីម ដែលជាទីផ្សារដ៏មានសក្តានុពលមកបំពេញបន្ថែម ពីលើទីផ្សារទេសចរណ៍អន្តរជាតិរបស់ខ្លួន ដែលកំពុងមាន។
យោងតាមរបាយការណ៍របស់ Global Muslim Travel Index ចំនួនភ្ញៀវទេសចរមូស្លីម ដែលធ្វើដំណើរទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ មានប្រមាណ១៧៦ លាននាក់កើនឡើង២៥% បើធៀបនឹងឆ្នាំ២០២៣ និងកើនឡើង១០% បើធៀបនឹងមុនពេលពេលមានវត្តមានជំងឺកូវីដ-១៩។ ក្នុងឆ្នាំ២០២៥ នេះតាមការព្យាករភ្ញៀវទេសចរមូស្លីម នឹងបន្តកើនឡើងដល់ប្រមាណ១៨៦លាននាក់។
លោកថ្លែងថា “កត្តាទាំងនេះបានបង្ហាញឱ្យឃើញ ពីកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជា ក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយ និងរីកចម្រើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការចាប់យកទីផ្សារទេសចរណ៍មូស្លីម មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់”៕

