ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ស្របពេលស្ថានភាពទីផ្សារកំរើកឡើងវិញ នៅតំបន់ខ្លះ ប៉ុន្តែស្ថានភាពទាំងមូល នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារបញ្ហាសេដ្ឋកិច្ចសកល និងសង្រ្គាមជាមួយប្រទេសថៃ ការវិនិយោគអចលនទ្រព្យនាពេលនេះ គួរស្ថិតនៅក្នុងការពិចារណាកាន់តែច្រើនជាងមុន។
ប៉ុន្តែទោះជាយ៉ាងណា ក្នុងស្ថានភាពនេះ ការវិនិយោគអចលនទ្រព្យខ្លះនៅតែបានផលចំណេញ សម្រាប់អនាគត។
វិនិយោគលើដីធ្លី
អ្នកតាមដានដំណើរវិវត្តន៍ ទីផ្សារអចលនទ្រព្យនៅកម្ពុជា និងជាស្ថាបនិកគេហទំព័រអចលនទ្រព្យPropertyarea.asia លោកយិន លាងគង់បានលើកជាយោបល់ថា ដីធ្លី ជាប្រភេទអចលនទ្រព្យម្យ៉ាង នៅតែមានឱកាសសម្រាប់វិនិយោគ សម្រាប់លក្ខខ័ណ្ឌដីជាយក្រុង ដីមានទីតាំងល្អ ដីស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងវិស័យឯកជន និងដីមានតម្លៃក្រោមទីផ្សារ។
លើសពីនេះ អ្នកវិនិយោគគួរសិក្សាលើដី ដែលអាចទិញហើយបង្កើតចំណូលបាន ដូចជា សាងសង់ឃ្លាំងជួល ផ្ទះជួល សាងសង់ផ្ទះអាចប្រកបអាជីវកម្មបាន។

ការវិនិយោគលើរមណីយដ្ឋាននិងផ្ទះលំហែរ
សេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនប្រសើរ ទោះបីការព្យាករណ៍ពីស្ថាប័នអន្តរជាតិថា មានការថមថយធៀបនឹងដើមឆ្នាំក្តី ប៉ុន្តែលំហូរភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបន្តកើនឡើង ដែលធ្វើឲ្យតម្រូវការផ្ទះលំហែរ ផ្ទះសំណាក់ និងសណ្ឋាគារនៅតំបន់មួយចំនួន នៅតែមានដំណើរការល្អប្រសើរ។
ខេត្តដែលគួរវិនិយោគផ្ទះលំហែរ ផ្ទះបែបបឹងហ្កាឡូ រួមមានខេត្តកែប កំពត កំពង់ឆ្នាំង និងតំបន់មួយចំនួនក្នុងខេត្តកណ្តាល។
យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍បានបង្ហាញថា គិតត្រឹមរយៈពេល៨ខែឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង៤លាននាក់ ជាកំណើនមួយប្រកបដោយភាពវិជ្ជមាន។
សាងសង់ឃ្លាំងសម្រាប់ជួល
វិស័យឧស្សាហកម្មកម្ពុជា កំពុងបង្ហាញសញ្ញាវិជ្ជមាន ស្របពេលកម្ពុជាទទួលបានការអនុគ្រោះ លើពន្ឋបដិកាត្រឹម១៩ភាគរយ ពីលោកប្រធានាធិបតីដូណាល់ ត្រាំ ដែលធ្វើឲ្យកម្ពុជាក្លាយជាទិសដៅសម្រាប់វិនិយោគក្នុងវិស័យនេះ។
ប្រទេសនេះ មានកំលាំងពលកម្មថោក លក្ខខ័ណ្ឌច្បាប់បទដ្ឋានគតិយុត្តិនានា មានភាពអំណោយផល សេដ្ឋកិច្ច និងស្ថិរភាពនយោបាយ និងប្រជាពលរដ្ឋវ័យក្មេងច្រើន ដែលជាថាមភាពសម្រាប់ភាពធន់នៃសេដ្ឋកិច្ច។

ផ្ទះអាជីវកម្ម
ទោះបីជាស្ថានភាពទីផ្សារលំនៅដ្ឋានជាទូទៅ មានសភាពមិនច្បាស់លាស់ក្តី ប៉ុន្តែផ្ទះអាជីវកម្មដែលមានទីតាំងល្អ មានមនុស្សរស់នៅច្រើន អាចបង្កើតមុខរបរ និងចំណូលបាន នៅតែមានការទិញពីអ្នកមានធនធាន ដើម្បីប្រកបអាជីវកម្ម និងដើម្បីផលចំណេញនាពេលអនាគតផងដែរ។
ប៉ុន្តែយ៉ាងណា ទីផ្សារលំនៅដ្ឋានដែលអ្នកអភិវឌ្ឍន៍ មានកេរ្ត៍ឈ្មោះល្អដូចជា បុរីប៉េង ហួត បុរីវិមានសំណាង បុរីជីប ម៉ុងជាដើម នៅតែមានតម្រូវការពីអ្នកទិញសម្រាប់ស្នាក់នៅផងដែរ៕