ដោយៈ សូរិយា
ភ្នំពេញៈ ប្រជាពលរដ្ឋជាច្រើននាពេលបច្ចុប្បន្ន កំពុងជួបប្រទះបញ្ហាការទុកដាក់ប្រាក់កាក់ ដោយអ្នកខ្លះលើកឡើងថា ការរកប្រាក់ចំណូលមិនមែនជារឿងងាយស្រួលឡើយ ហើយអ្វីដែលកាន់តែពិបាកថែមមួយកម្រិតទៀត គឺការចាត់ចែងប្រាក់រកបានឲ្យសល់ និងទុកសម្រាប់ចាត់ចែងប្រចាំថ្ងៃ។
អ្នកឧកញ៉ា សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group និងជាអ្នកជំនាញ ផ្នែកអចលនទ្រព្យប្រចាំប្រទេសកម្ពុជា បានផ្ដល់ដំបូន្មានខ្លះៗ ពីការទុកដាក់ប្រាក់កាក់ឲ្យមានប្រសិទ្ធភាព បានទាំងចាយវាយគ្រប់ និងសល់អាចសន្សំទុកប្រើប្រាស់នៅពេលក្រោយ។
ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកឡើងថា ដើម្បីសល់ប្រាក់ គឺត្រូវចេះបែងចែកការចំណាយផ្សេងៗ។ ប្រាក់ដែលនៅសល់សម្រាប់វិនិយោគ កើតចេញពីប្រាក់ដែលយើងសន្សំ។ ម្ចាស់សៀវភៅ “គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ា អចលនទ្រព្យ” បានលើកឡើងជាឧទាហរណ៍ងាយៗយល់។

- បើយើងមានប្រាក់ចំណូល៧០០ដុល្លារ គួរចាយតែ៤០០ ដុល្លារក្នុងមួយខែ ដោយរក្សាទុក៣០០ដុល្លារជាប្រាក់សន្សំ និងវិនិយោគនៅថ្ងៃអនាគត។
- បើយើងមានប្រាក់ចំណេញ៦៥០០ ដុល្លារក្នុងមួយខែ គួរចាយ ១៥០០ដុល្លារ ក្នុងមួយខែបានហើយ រក្សាទុក៥០០០ដុល្លារសម្រាប់វិនិយោគ ឬទិញផ្ទះ ឬដីធ្លីបានជាទ្រព្យ។
- បើមួយខែយើងអាចទុក ឬសន្សំ៥០០០ដុល្លារ នោះរយៈពេល ៥ឆ្នាំយើងអាចបានផ្ទះ១ ឬដី១កន្លែង ស្មើនឹងតម្លៃ៣០០,០០០ដុល្លារ ឬមានន័យថា បើរយៈពេល៥ឆ្នាំអ្នកសល់ ផ្ទះ១ខ្នងតម្លៃ៣០០,០០០ ដុល្លារ នោះមានន័យថា អ្នកបានសល់លុយ៥០០០ ដុល្លារក្នុងមួយខែ។
អ្នកឧកញ៉ា សំ សុខនឿន បន្តថាឧទាហរណ៍ខាងលើ បញ្ជាក់ឲ្យឃើញថា បើអ្នកភ្លេចខ្លួនចាយខ្ជះខ្ជាយលុយកាក់ នោះអ្នកនឹងគ្មានសល់អ្វីរយៈពេល៥ឆ្នាំ។ ការគ្រប់គ្រងផ្លូវចិត្តនៃការចាយលុយ ពិតជាចាំបាច់ណាស់ សម្រាប់មនុស្សគ្រប់រូប មិនថាចំណូលរបស់យើងរកបានប៉ុន្មានទេ តែត្រូវចំណាយ ឲ្យតិចជាងចំណូល៕
