ប៉េង ហួត គ្រុប ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ សម្រាប់យុទ្ធនាការ “រួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក” របស់មន្ទីរពេទ្យកុមារអង្គរ

0

ប៉េង ហួត គ្រុប បរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារ សម្រាប់កម្មវិធីបើកយុទ្ធនាការសប្បុរសធម៌ ក្រោមប្រធានបទ “រួមគ្នា ជួយសង្រ្គោះកុមារមានជំងឺមហារីក” ក្រោមការរៀបចំរបស់មន្ទីរពេទ្យកុមារអង្គរ នារសៀលថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២៥ ស្ថិតក្នុងអគារសាលសន្និបាទប្រារព្ធពិធីមង្គលការ ភីអេច ហ្រ្គេនហល បុរីប៉េង ហួត (បឹងស្នោ)។  ​

 

យុទ្ធនាការនេះមានគោលបំណងដើម្បីលើកកម្ពស់ និងគាំទ្រវិស័យសុខាភិបាល ជាពិសេសគឺកៀរគរថវិកាសប្បុរសធម៌ក្នុងទំហំ ២០ម៉ឺនដុល្លារ ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរឱ្យដល់ចុងឆ្នាំនេះ។ យុទ្ធនាការនេះគឺត្រូវបានចាប់ផ្ដើមពីថ្ងៃទី ០៦ តុលា ហើយនឹងបញ្ចប់ត្រឹមថ្ងៃទី ៣១ តុលា ២០២៥។

 

ថ្លែងក្នុងកម្មវិធីនេះ សាស្រ្តាចារ្យវេជ្ជ បណ្ឌិត ងួន ចន្ទភក្រ្តា នាយកមន្ទីរពេទ្រកុមារអង្គរ បានអំពាវនាវដល់សប្បុរសជនទាំងឡាយអាចចូលរួមគំាទ្រតាមរយៈការបរិច្ចាគជាថវិកា ការផ្សព្វផ្សាយ និងសកម្មភាពសប្បុរសធម៌ផ្សេងៗ ដើម្បីឱ្យយុទ្ធនាការនេះទទួលបានជោគជ័យស្របតាមការរំពឹងទុករបស់មន្ទីរពេទ្យ ដែលនឹងជួយសង្រ្គោះជីវិតកុមារមានជំងឺមហារីកជាច្រើននាក់។ បើយោងតាមប្រសាសន៍របស់ ឯក ឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលបានថ្លែងក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តជា​ផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» យើងដឹងថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ ករណី ហើយមនុស្សស្លាប់ជិត ១៤ ០០០ នាក់ក្នុងមួយឆ្នាំៗ។ កាន់តែគួរឱ្យសោកសង្រេងទៅទៀតនោះ គឺសោកនាដកម្មនេះកើតមានលើកុមារផងដែរ ដែលក្នុងមួយឆ្នាំ មានប្រមាណ ៦០០ករណី។

 

គួរ​រំឭកថា នេះគឺជាលើកទី ៥ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកាប្រចាំឆ្នាំ និងសហការរៀបចំយុទ្ធនាការមនុស្សធម៌ផ្សេងៗទៅកាន់សប្បុរសជនទូទាំងប្រទេស ដើម្បីនិរន្តភាពនៃបេសកម្មមន្ទីរពេទ្យកុមារអង្គរក្នុងការជួយសង្រ្គោះកុមារកម្ពុជាប្រមាណ ១៣ ម៉ឺនករណីក្នុងមួយឆ្នាំៗ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here