ដោយ ម៉ាណេត
ភ្នំពេញ៖ ខណៈកម្ពុជាគ្រោងយកទេសចរណ៍ចិនឲ្យបាន៥លាននាក់នៅឆ្នាំ២០២៥ ខាងមុខនេះ អ្នកជំនាញថា កម្ពុជាត្រូវការរឹតបន្តឹងច្បាប់ និងបង្កើតច្បាប់បន្ថែមដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ក្នុងការមកទស្សនា។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បានថ្លែងថា ខណៈពេលនេះ កម្ពុជាចាំបាច់បង្កើតច្បាប់បន្ថែមក្នុងការគ្រប់គ្រង ព្រោះករណីអត់ដែលកើតមានឡើងនៅកម្ពុជា ហើយមុននឹងបង្កើតច្បាប់យើងត្រៀមខ្លួនរួចរាល់ហើយឫនៅ មិនមែនបង្កើតច្បាប់មកចោលនោះទេ។
-->
លោកថ្លែងថា “យើងឃើញស្រាប់ហើយ ច្បាប់ទេសចរណ៍ត្រូវបានបង្កើតឡើង៥ ឬ៦ ឆ្នាំមកហើយ តែរហូតមកដល់សព្វ ថ្ងៃសម្រាប់ការអនុវត្តន៍នៅមានកម្រិត។ វាត្រូវកើតឡើងពីឆន្ទៈរបស់មនុស្ស គឺមានតែច្បាប់ទេដែលបង្កើតចេញជាឆន្ទៈ និងមានតែរឹតបន្តឹងច្បាប់ទេ”។
លោក បន្តថា “យើងត្រូវដឹងថា ថ្វីត្បិតតែយើងមានច្បាប់ស្ទើតែគ្រប់ច្រកល្ហកដូចប្រទេសអភិវឌ្ឍន៍ដ៏ទៃក៏ពិតមែន ប៉ុន្តែការអនុវត្ដន៍ច្បាប់យើងនៅមានកម្រិតមែនទែន”។ លោក ទៀតថា “ឲ្យដឹងភ្ញៀវមកប៉ុន្មានក៏មកចុះ និងមកកាន់តែច្រើនកាន់តែល្អ ដូចជាអ្នកវិនិយោគចឹង មកពីណាក៏មកចុះឲ្យតែអ្នកនោះជា ប៉ុន្តែរឿងតែមួយគត់ តើប្រទេសជាម្ចាស់មានច្បាប់ និងក្រិតក្រមរបស់ខ្លូនហើយឬនៅ? យើងត្រូវពង្រឹងច្បាប់ និងចំណុចណាខ្វះខាតត្រូវបង្កើតបន្ថែម ហើយយើងត្រូវមើលប្រទេសចិនគេមានប្រជាជនរាប់ពានលាននាក់ គេគ្រប់គ្រងបាន។ អ្វីដែលយើងខ្វះខាតគឺការអនុវត្តន៍ច្បាប់”។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាគ្រោងយកទេសចរណ៍ចិនឲ្យបាន៥លាននាក់នៅឆ្នាំ២០២៥ខាងមុខនេះ។
សម្តេចបានមានប្រសាសន៍ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នាព្រឹកថ្ងៃទី១៤ មករានេះថា នៅឆ្នាំ ២០១៨ កន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ អន្តរជាតិចំនួន៦,២លាននាក់ ក្នុងនោះភ្ញៀវទេសចរណ៍ចិនបានកើនពី១,២កាលពីឆ្នាំ២០១៧ ទៅ១,៦លាននាក់នៅឆ្នាំ២០១៨កន្លងមកនេះ។
សម្តេចបានបន្តថា ក្នុងពេលដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីហូ ជីនតាវមកកម្ពុជា សម្តេចបានស្នើសុំឲ្យទេសចរណ៍ចិនមកទស្សនាកម្ពុជា០,០១ភាគរយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិននាចុងសប្តាហ៍នេះ សម្តេចនឹងពិភាក្សាពីបញ្ហានេះជាមួយមេដឹកនាំចិន ដោយសុំឲ្យភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជា០,០៥ភាគរយ នៃចំនួនប្រជាជនចិនប្រមាណ១៣០០លាននាក់។
សម្តេចតេជោហ៊ុន សែនបានបន្តថា បច្ចុប្បន្នវិស័យអាកាសចរណ៍ចិនបានហោះត្រង់មកកម្ពុជាកាន់តែកើនឡើង កាន់តែច្រើននាពេលបច្ចុប្បន្ននេះ ហើយសម្តេចបានស្នើសុំឲ្យក្រុមហ៊ុនចិន ដែលកំពុងវិនិយោគគំរោងតារាសាគរនៅខេត្តកោះកុង សាងសង់ព្រលានយន្តហោះអាចទទួលអ្នកដំណើរឲ្យបាន៣លាននាក់ និងទទួលទានអង្ករកម្ពុជា។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានមានប្រសាសន៍ថា យុទ្ឋសាស្រ្តរបស់ប្រមុខរដ្ឋាភិបាលបែបនេះ សុបិននឹងក្លាយជាការពិត ដោយសារទំនាក់ទំនងកាទូត ពាណិជ្ជកម្ម ពិសេសការប្រកាន់គោលនយោបាយចិនតែមួយ និងការដាក់ចេញយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ នៃមេដឹកនាំរបស់ប្រទេសទាំងពីរកម្ពុជានឹងសម្រេចបាននូវគោលដៅនេះ ព្រោះបើគិតពីដើមឆ្នាំ២០១៩នេះដល់ឆ្នាំ២០២៥ យើងសល់ពេល៧ឆ្នាំទៀត។
លោកបន្តថា “ជាមួយនឹងកំនើនទេសចរណ៍បែបនេះ អ្វីយើងគួរធ្វើគឺត្រូវរៀបចំខ្លួនបែបណា ដើម្បីទទួលបានភ្ញៀវក្នុងចំនួនច្រើនបែបនេះ ព្រោះយើងមិនចង់បានតែចំនួនមនុស្សទេ តែយើងក៏ត្រូវពង្រឹង និងផ្តល់សេវាកម្មប្រកបដោយគុណភាពផងដែរ”៕