ប្រភព ធនាគារពិភពលោក
ភ្នំពេញ៖ ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាបានកំនើនយ៉ាងរ៉ឹងមាំបន្តទៀត ដោយមានការជំរុញមួយផ្នែកធំពីការកើនយ៉ាងរហ័សនៃការនាំចេញ និងការបន្តលូតលាស់នៃវិស័យសំណង់ ។ ធនាគារពិភពលោក (World Bank) កាលពីព្រឹកមិញនេះ។

-->
យោងតាមរបាយការណ៍របស់ធនាគារនេះបានបញ្ជាក់ថា ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧,៥ ភាគរយនៅក្នុងឆ្នាំ២០១៨ ដែលជាអត្រាកំណើនល្អជាងការរំពឹងទុកទៅទៀត ។ ធនាគារពិភពលោកបញ្ជាក់ថា ការនាំចេញរបស់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងមុខទំនិញធ្វើដំណើរ ដែលទាំងអស់នេះ មានជាងពីរភាគបី នៃមុខទំនិញនាំចេញសរុប ជាកំណត់ត្រាកំណើនខ្ពស់ ប្រាំឆ្នាំជាប់គ្នា ហើយដោយវាកើនបាន១៧.៦ភាគរយ ក្នុងឆ្នាំ២០១៨ ប្រៀបធៀបជាមួយ៨.៣ភាគរយក្នុងឆ្នាំ២០១៧។
កាលពីពេលថ្មីៗនេះ ធនាគារពិភពលោកបានព្យាករណ៍សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងរំពឹងសម្រេចបានកំនើន៦,៨ភាគរយ។
របាយការណ៍ដដែលបានបន្តថា វិស័យសំណង់ អចលនទ្រព្យ និងទេសចរណ៍សរុបគ្នាមកមានចំណែក៦០ភាគរយ នៃចំនួនគម្រោងវិនិយោគទាំងអស់ ដែលត្រូវបានអនុម័តរួចក្នុងឆ្នាំ២០១៨។ ការផលិតសម្ភារផ្គត់ផ្គង់ការសាងសង់ ដែកគ្រឿងសង្ហារឹម និងផលិតផលថ្នាំស្មីក ក៏មានការកើនឡើងយ៉ាងលឿនដែរ ដើម្បីគាំទ្រដល់ការលូតលាស់របស់វិស័យសំណង់។
ទោះជាយ៉ាងក៏ដោយ ធនាគារពិភពលោកថា ប៉ុន្តែភាពមិនប្រាកដប្រជា ដែលបន្តមានបានបង្កហានិភ័យខ្លាំងឡើងដែរ។ បច្ចុប្បន្ននេះ ទីផ្សារសហភាពអឺរ៉ុប (រួមទាំងចក្រភពអង់គ្លេសផង) ស្រូបយកជាងមួយភាគបីនៃទំហំ នៃការនាំចេញសរុបរបស់កម្ពុជា ជាពិសេសផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទោចក្រយាន។
លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោក សម្រាប់ប្រទេសកម្ពុជា មានប្រសាសន៍ថា “ការធ្វើឲ្យប្រសើរឡើង ដល់បរិយាកាសវិនិយោគ និងការកាត់បន្ថយថ្លៃចំណាយ ក្នុងការធ្វើធុរកិច្ច ព្រមទាំងការកសាងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត សុទ្ធតែជាអាទិភាពគន្លឹះ សម្រាប់រក្សាកំនើនខ្លាំង ក្នុងរយៈពេលមធ្យម”។ លោកស្រីបន្តថា “ភ័ស្តុតាងនានាបានរំលេចឲ្យឃើញថា ការវិនិយោគទៅលើលើប្រជាជន មានសារៈសំខាន់ណាស់ ដើម្បីជំរុញឲ្យមានវឌ្ឍនភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការវិនិយោគទៅលើ ប្រជាជន និងការកែលម្អគុណភាព នៃមូលធនមនុស្សរបស់កម្ពុជា គួរតែបន្តនៅជាស្នូលនៃសេចក្តីប្រាថ្នារបស់កម្ពុជា ក្នុងការឈានទៅសម្រេចគោលដៅ ជាសេដ្ឋកិច្ចមានចំណូលមធ្យមខ្ពស់ត្រឹមឆ្នាំ២០៣០”។
របាយការណ៍បានអំពាវនាវផងដែរ ឲ្យមានការបំពេញភាពខ្វះខាតផ្នែកជំនាញ និងការវិនិយោគលើមូលធនមនុស្ស ដើម្បីផ្តល់ជាគ្រឹះសម្រាប់កំនើនសេដ្ឋកិច្ចរបស់កម្ពុជាយូរអង្វែង។ ការបង្កើនទំហំ និងប្រសិទ្ធផលនៃការវិនិយោគទាំងនេះ ពីសំណាក់បុគ្គលផ្ទាល់ និងវិស័យសាធារណៈ និងឯកជន អាចជួយធានាឲ្យកុមារកម្ពុជា មានចំណុចចាប់ផ្តើមល្អឆ្ពោះទៅអនាគត ដោយផ្តល់ដល់ពួកគេនូវមូលដ្ឋានគ្រឹះ ដែលពួកគេត្រូវការចាំបាច់ដើម្បីទាញយកផលអតិបរមាពីការអប់រំសិក្សា ហើយអភិវឌ្ឍជំនាញឲ្យបានច្រើនពេញមួយជីវិតរបស់ខ្លួន៕