ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ឲ្យដឹងថា គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៥នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៣ កំពុងតភ្ជាប់ជើងហោះហើរក្នុងតំបន់ និងសកលលោក។
ការបញ្ជាក់ឲ្យដឹងបែបនេះកាលពីថ្ងៃទី២៦ តុលា ដែលធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធជើងហោះហើរត្រង់ រវាងរាជធានីភ្នំពេញ និងទីក្រុងតូក្យូ ឆ្លងកាត់ទីក្រុងហូចូវ (ប្រទេសចិន) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ
-->
លោកបណ្ឌិតបានបន្តថា “ចំពោះលទ្ធផល នៃការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥នេះ យើងមានក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុក និងបរទេសចំនួន៣៣ ដែលកំពុងតភ្ជាប់ ជើងហោះហើរក្នុងតំបន់ និងសកលលោក ក្នុងនោះសម្រាប់តំបន់អាស៊ានមាន៨ប្រទេស”។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា ៨ប្រទេសនោះ រួមមាន៖ ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា និងអេមីរ៉ាតអារ៉ាប់រួម ហើយបានទទួលអ្នកដំណើរ តាមផ្លូវអាកាសជាង៥, ១លាននាក់ កើនឡើង១៤% ធៀបនឹងកំឡុងពេលដូចគ្នា នៅឆ្នាំ២០២៤ ដែលមានចំនួនត្រឹមតែជាង៤,៥លាននាក់។
បន្ថែមលើសពីនេះ លោកបណ្ឌិតបានបញ្ជាក់ទៀតថា ចាប់ពីពេលនេះតទៅ កម្ពុជាបានសម្រេចរៀបចំ ឲ្យមានការហោះហើរផ្សាភ្ជាប់រវាងកម្ពុជា និងជប៉ុនជាបន្ថែមទៀត ដែលជាប្រទេសទី១៦ មានជើងហោះហើរមកកាន់ប្រទេសកម្ពុជា។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា ការបើកដំណើរការហោះហើរត្រង់ រវាងជប៉ុន និងកម្ពុជានេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ដែលតែងតែស្វែងរកគ្រប់មធ្យោបាយ ក្នុងការជំរុញតភ្ជាប់ជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិឡើងវិញ។
ជាមួយគ្នានេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងផងដែរថា ជើងហោះហើររវាងកម្ពុជា-ជប៉ុន ត្រូវបានខកខាន ដាក់ដំណើរការជើងហោះហើរ រវាងប្រទេសទាំងពីរ ចាប់តាំងពីមានវិបត្តិជំងឺកូវីដ-១៩។
មុនពេលមានវិបត្តិរីករាលដាលកូវីដ-១៩ ប្រទេសកម្ពុជា បានទទួលអ្នកដំណើរតាមផ្លូវអាកាស និងអ្នកទេសចរណ៍ជនជាតិជប៉ុន ប្រមាណជាង២០ម៉ឺននាក់ ក្នុងឆ្នាំ២០១៩។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់៕

