ដោយៈ ម៉ាណា
ភ្នំពេញៈ ជើងហោះរវាងរាជធានីភ្នំពេញ និងតូក្យូ នឹងជាព្រឹត្តិការណ៍ប្រវតិ្តសាស្រ្ត ដ៏សំខាន់សម្រាប់ការជំរុញ វិស័យទេសចរណ៍កម្ពុជា-ជប៉ុន និងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកបន្ថែមទៀត។
កាលពីថ្ងៃទី២៦ តុលា លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធជើងហោះហើរ រវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកUENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក Zhan David នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)និងមន្រ្តីពាក់ព័ន្ឋ។
-->
ក្នុងឱកាសដ៏មានសារៈសំខាន់ ដល់វិស័យទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល តាមរយៈការទទួលស្វាគមន៍ជើងហោះហើរដំបូង រវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូ របស់ក្រុមហ៊ុនហោះហើរ Air Cambodia។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា “ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ក្នុងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។ ការចាប់ផ្តើមបើកបរ សេវាការហោះហើរដោយផ្ទាល់នេះ នឹងធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសទាំងពីរងាយស្រួល និងឆាប់រហ័សជាងមុន”។ លោកបន្ថែមថា “វាបង្ហាញពីមិត្តភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ”។
លោកបន្ថែមទៀតថា តាមរយៈបណ្តាញហោះហើរថ្មីនេះ យើងរំពឹងថា នឹងមានភ្ញៀវជប៉ុនមកទស្សនាកម្ពុជាច្រើនឡើង ដើម្បីស្គាល់វប្បធម៌ សម្បត្តិធម្មជាតិ និងការស្វាគមន៍ដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។ វាក៏ជាឱកាសសម្រាប់ប្រជាជនកម្ពុជា ទៅទស្សនាប្រទេសជប៉ុនផងដែរ។
លោកហួត ហាក់បានបញ្ជាក់បន្ថែមថា “ក្រសួងទេសចរណ៍ នឹងបន្តសហការជិតស្និទ្ធ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដៃគូជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីលើកកម្ពស់ទេសចរណ៍ និងសេវាហោះហើរផ្ទាល់បន្ថែមទៀត”។ លោកបន្ថែមថា “យើងសូមស្វាគមន៍យ៉ាងកក់ក្តៅ ដល់ភ្ញៀវទេសចរជប៉ុនទាំងអស់ និងសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនបន្ថែមទៀត”៕

