ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ បរិយាកាសវិនិយោគក្នុងវិស័យលំនៅដ្ឋាននៅតែមានសញ្ញាល្អប្រសើរ ដោយទំហំនៃការវិនិយោគនិងលំនៅដ្ឋានផ្គត់ផ្គង់ចូលទីផ្សារ មានការកើនឡើង ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមការសិក្សារបស់ក្រុមហ៊ុន VTUST Appraisal ដែលបានធ្វើការសិក្សាពីទីផ្សារលំនៅដ្ឋាន និងខុនដូបានបង្ហាញនាព្រឹកថ្ងៃទី១៥ ធ្នូនេះថា នៅដំណាច់ឆ្នាំ២០១៧នេះ គម្រោងវិនិយោគផ្ទះផ្ទាល់ដី និងខុនដូក្នុងឆ្នាំនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយចំនួនលំនៅដ្ឋានទាំងនោះ បានកើនឡើងសរុប២សែនផ្ទះនិងយូនីត ខណៈឆ្នាំមុនមានត្រឹមប្រមាណ១សែនផ្ទះ និងយូនីតប៉ុណ្ណោះ។
-->
លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន VTRUST Appraisal បានលើកឡើងនាព្រឹកថ្ងៃទី ១៥ធ្នូ ឆ្នាំ ២០១៧ថា ការសាងសង់ផ្ទះផ្ទាល់ដី និងខុនដូមានការកើនឡើង ដោយឆ្នាំ២០១៧នេះមានជាង២សែនផ្ទះនិងយូនីត។ លោកបន្តថា ការដាក់លក់ថ្មីក្នុងឆ្នាំនេះ ក៏មានការកើនឡើងផងដែរ ដោយអត្រាលក់ចេញមានចំនួនរហូតដល់ជាង១៣,០០០ផ្ទះ ខណៈពេលដែលឆ្នាំ២០១៦ មានការដាក់លក់ត្រឹមតែ១២,០០០ផ្ទះប៉ុណ្ណោះ។

លោកហ៊ឹម សីហាបានបន្តថា ភាគច្រើនការវិនិយោគផ្ទះជាប់ដីជាប្រភេទផ្ទះល្វែង ធ្វើឡើងដោយអ្នកវិនិយោគក្នុងស្រុកផ្ទាល់ ខណៈដែលការវិនិយោគលើប្រភេទផ្ទះខុនដូភាគច្រើន វិនិយោគដោយជនបរទេស។លោកបន្តថាបញ្ហានយោបាយនៅម្ពុជាមិនប៉ះពាល់ការវិនិយោគ លើវិស័យលំនៅដ្ឋាននោះទេ តែផ្ទុយទៅវិញគម្រោងផ្គត់ផ្គង់លើវិស័យនេះ បែជាមានការកើនឡើងខ្ពស់ជាងឆ្នាំ២០១៦ទៅទៀត ហើយគិតមកទល់ពេលនេះ មិនទាន់មានគម្រោងណាមួយដែលផ្អាកដំនើរការសាងសង់នោះទេ ដោយមានត្រឹមតែការយឺតយ៉ាវបន្តិចបន្តួច ហើយការសាងសង់នៅតែបន្ត។
លោកបន្តថា ទោះបីជាមានការកើនឡើង នូវការផ្គត់ផ្គង់ទាំងប្រភេទផ្ទះជាប់ដី និងប្រភេទផ្ទះខុនដូរក្ដី តែតម្រូវការមានភាពខុសប្លែកពីគ្នា រវាងប្រភេទផ្ទះទាំងពីរ ដោយអតិថិជនមានការពេញនិយមចំពោះប្រភេទផ្ទះផ្ទាល់ដី ជាលក្ខណៈផ្ទះល្វែងដែលមានតំលៃសមរម្យ ជាងប្រភេទផ្ទះវីឡាដែលមានតម្លៃថ្លៃ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងថា ការវិនិយោគលំនៅដ្ឋាននៅតែល្អប្រសើរ ហើយការទិញលក់លំនៅដ្ឋាននៅតាមបុរីនានាបានកើនឡើងប្រមាណ១០ភាគរយនាឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។លោកបន្តថា បរិយាកាសនយោបាយ មិនបានជះឥទ្ឋិពល និងការ ទិញលក់លំនៅដ្ឋាននៅតាមបុរីនានានោះទេ៕