រដ្ឋមន្ត្រី​ទេសចរណ៍​ដាក់​ផែនការ​សម្រាប់​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំនេះ​នៅ​ខេត្តកំពត​ឱ្យ​បាន​ល្អ​ជាងគេ

0

ដោយ​ វុត្ថា

កំពត​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ដាក់​ផែនការ​ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ (ជុំ​ទី២​) ​ដែល​នឹង​ត្រូវ​ប្រា​រព្វ​ធ្វើឡើង​នៅក្នុង​អំឡុង​ខែធ្នូ​ ឆ្នាំ២០១៩ខាងមុខនេះ​ នៅក្នុង​ខេត្តកំពត​ឱ្យ​កាន់តែ​អធិកអធម​ជាង​ឆ្នាំ​មុន​ៗ។

នៅក្នុង​កិច្ចប្រជុំ​រវាង​អភិបាលខេត្ត​កំពត​ និង​អ្នក​ពាក់ព័ន្ធ​កាលពី​ទី៦​ ខែឧសភា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ លោក​រដ្ឋមន្ត្រី​បាន​ប្រកាស​ដាក់​អនុសាសន៍​មួយចំនួន​ រួមមាន​៖ជំរុញ​មានការ​រៀបចំ​ «វិថី​ម្ហូបអាហារ​» ឬហៅ​ថា​ Food​ Street​ នៅ​ទីតាំង​ណាមួយ​នៃ​ពិធីបុណ្យ​សមុទ្រ​ខាងមុខ​ឱ្យ​បាន​ល្អ​ប្រសើរ​ ហើយ​ Food​ Street​ នេះ​ ក៏​ទុកជា​ផលិតផល​ទេសចរណ៍​អចិន្ត្រៃយ៍​ សម្រាប់​ទីក្រុង​កំពត​ផង​ដែរ​។

* ស្នើសុំ​ក្រសួងសាធារណការ​ និង​ដឹក​ជញ្ជួន​ជួយ​ពន្លឿន​ការ​ជួសជុល​ផ្លូវជាតិ​លេខ៣​ ផ្លូវ​មក​ពី​វាលរេញ​ និង​ផ្លូវ​ដទៃទៀត​ ដែល​ភ្ជាប់​មក​ខេត្តកំពត​។

*ស្នើ​ពន្លឿន​ការសាងសង់​កំពង់ផែ​ទេសចរណ៍​ ដោយ​បង្កើន​ការ​ធ្វើការ​ និង​បន្ថែមចំនួន​កម្មករ​ជំនាញ​ និង​វិស្វករ​។

* ត្រៀម​រៀបចំ​ឱ្យ​មានការ​តាំងពិព័រណ៍​ផលិតផល​ក្នុង​ស្រុក​ឲ្យបាន​សម្បូរ​បែប​ ប្រកបដោយ​គុណភាព​ បើ​អាច​ធ្វើ​បាន​ស្នើ​រៀបចំ​ការ​តាំង​លក់​សម្លៀក​បំពាក់​ល្អ​ៗដែល​ផលិត​ក្នុង​ស្រុក​ ដូចជា​ផលិតផល​ outlet​ ជូន​ប្រជាពលរដ្ឋ​ និង​ទេសចរ​អន្តរជាតិ​ នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មានឱកាស​បាន​ទិញ​យក​ទៅ​ប្រើប្រាស់​ក្នុង​តម្លៃ​មួយ​សមរម្យ​។

នាំគ្នា​ធ្វើឲ្យ​គោលដៅ​ទេសចរណ៍​កំពត​ ជាគោល​ដៅ​គំរូ​ខាង​គុណភាព​ផលិតផល​ ទំនិញ​ និង​សេវា​ គ្មាន​ទំនិញ​ក្លែងក្លាយ​ និង​អន់​គុណភាព​។ នៅ​តាម​ភោជនីយដ្ឋាន​ អាហារដ្ឋាន​ ក្នុង​មរ​មណី​យដ្ឋាន​ទេសចរណ៍​នានា​ ត្រូវ​គិតគូរ​លើ​បញ្ហា​អនាម័យ​ចំណីអាហារ​ បដិសណ្ឋារ​កិច្ច​ ការ​ទុកដាក់​សំរាម​ កាក​សំ​ណល់​ផ្សេង​ៗ។

ត្រូវ​បន្ត​បំផុស​ចលនា​ឲ្យ​ប្រជាជន​ចូល​រួម​គ្រប់​ៗគ្នា​ ពិសេស​ចលនា​ «គ្មាន​សំរាម​ក្រោម​តុ​»។ត្រូវ​បង្កើន​យុទ្ធនាការ​បង្គន់​អនាម័យ​ ទាំង​សាធារណៈ​ និង​ឯកជន​ ទៅតាម​ស្តង់ដារ​ជាតិ​ និង​អន្តរជាតិ​។ យើង​ឯកភាព​គ្នា​យក​ខេត្តកំពត​ជា​ខេត្ត​គំរូ​ ខាង​បង្គន់​អនាម័យ​សាធារណៈ​ល្អ​។

* មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ សហការ​ជាមួយ​នាយកដ្ឋាន​ជំនាញ​ ត្រូវ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ ឱ្យ​បាន​ទូលំទូលាយ​ចាប់ពី​ពេលនេះ​ទៅ​ ដូចជា​រមណីយដ្ឋាន​ទេស​ចរ​ណ៍​ថ្មី​ៗ ដូចជា​រមណីយ​ដ្ឋាន​កសិ​ទេសចរណ៍​ ចម្ការ​ម្រេច​ដ៏​ល្បីល្បាញ​ រមណីយដ្ឋាន​ភ្នំបូកគោ​ ពិសេស​ព័ត៌មាន​ដែល​ភ្ញៀវ​ទេសចរ​អាច​មើលឃើញ​កញ្ចុំ​ផ្កាយ​រាប់​លាន​ដួង​ ឬហៅ​ថា​ កាឡាក់ស៊ី​មី​គី​វ៉េ​យ នៅ​លើ​ភ្នំបូកគោ​។គួរ​រៀបចំ​វាលស្រែ​អំបិល​ឲ្យបាន​ល្អ​ ទុក​សម្រាប់​ទេសចរ​ ស្វែងយល់​ និង​ទស្សនា​។

* ជំរុញ​ឱ្យ​បង្កើត​សកម្មភាព​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ ចាប់ពី​ពេលនេះ​តទៅ​អោយ​បាន​សកម្ម​និង​ផុល​ផុលផុស​ពិសេស​អំពី​អនាម័យ​ម្ហូបអាហារ​ ការ​ទទួល​បដិសណ្ឋារ​កិច្ច​ចំពោះ​ភ្ញៀវ​ទេសចរ​ ដាច់ខាត​ត្រូវ​គិតគូរ​លើ​ភាព​ស្អាត​ និង​បៃតង​។

* ត្រូវ​ផ្សព្វផ្សាយ​ប្រាប់​ប្រជាជន​ក្នុង​ខេត្ត​ឱ្យ​ត្រៀម​រៀបចំ​ការ​តុបតែង​លម្អ​លំនៅ​ដ្ឋាន​ និង​ទីធ្លា​រជុំ​វិញ​ផ្ទះ​ ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​ ពិសេស​អាជ្ញាធរ​ក៏​ត្រូវ​រៀបចំ​តុបតែង​លម្អ​ទីក្រុង​ឱ្យ​បាន​ស្អាត​ ប្រកបដោយ​ភាព​ទាក់ទាញ​។ អាជ្ញាធរ​ត្រូវ​គិតគូរ​លើ​បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ​ ការ​ចត​យានយន្ត​នៅ​តាមផ្លូវ​ក៏​ត្រូវ​រៀប​ចំ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ផង​ដែរ​។ខេត្តកំពត​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ក្នុង​នោះ​មាន​ទីក្រុង​បេតិកភណ្ឌ​ រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​យ៉ាងច្រើន​សម្បូរ​បែប​ មាន​តំបន់​កសិ​ទេសចរណ៍​៕

LEAVE A REPLY

Please enter your comment!
Please enter your name here