ធនាគារ ហត្ថា ប្រកាសសម្ពោធទីតាំងសាខាថ្មី ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ធនាគារសម័យថ្មី

0

ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានកិត្តិយសប្រកាសជាផ្លូវការនូវពិធីសម្ពោធទីតាំងសាខាច្បារអំពៅថ្មី ដែលជាជំហានសំខាន់មួយក្នុងយុទ្ធសាស្ត្រពង្រីកសេវាកម្ម​ ដើម្បីនាំយកបទពិសោធន៍ធនាគារសម័យថ្មី និងទាន់សម័យជូនប្រជាពលរដ្ឋខណ្ឌច្បារអំពៅអោយកាន់តែងាយស្រួល និងក្នុងការឆ្លើយតបនឹងតម្រូវការរីកចម្រើន អាជីវកម្មរបស់ធនាគារ។ ពិធីបើកសម្ពោធទីតាំងសាខាថ្មីនេះ មានការចូលរួមពីគណៈគ្រប់គ្រងធនាគារ ហត្ថា ការិយាល័យកណ្តាល និងថ្នាក់គ្រប់គ្រងក្នុងតំបន់ ព្រមទាំងបុគ្គលិកក្នុងសាខាទាំងអស់។​

ការបើកដំណើរការទីតាំងសាខាថ្មីនេះ ជាសក្ខីភាពថ្មីមួយទៀតរបស់ធនាគារ ហត្ថា ក្នុងការប្តេជ្ញាចិត្តផ្តល់សេវាហិរញ្ញវត្ថុកាន់តែសម្បូរបែប និងប្រកបដោយនិរន្តភាពជូនអតិថិជន ព្រមទាំងពង្រីកវិសាលភាពប្រតិបត្តិការកាន់តែជិតជាមួយអតិថិជន ជាមួយការិយល័យសាខាដែលប្រកបទៅដោយផាសុខភាព។​

លោក មិន សុផា ប្រធានាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “ធនាគារ ហត្ថា មាន សាខាបច្ចុប្បន្ន ១៥៦ ទីតាំងទូទាំងប្រទេស រាប់បញ្ចូលទាំងការបើកសម្ពោធទីតាំងសាខាច្បារអំពៅថ្មី ដែលដាក់សម្ភោធន៍អោយប្រើប្រាស់នៅថ្ងៃនេះ។ នេះគឺជាសក្ខីភាពបញ្ជាក់ពីសក្ដានុពលដ៏រឹងមាំរបស់ធនាគារ ហត្ថា ក្នុងការផ្តល់សេវាធនាគារដែលមានគុណភាព និងឆ្លើយតបទៅតាមតម្រូវការអ្នកប្រើប្រាស់ ពិសេសផ្ដល់នូវសេវាហិរញ្ញវត្ថុមានលក្ខណៈទំនើប ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ដល់អតិថិជន“។

ការបន្ថែមទីតាំងសាខាថ្មីនេះ អាចប្រព្រឹត្តទៅបានដោយសារតែមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនប្រមាណជាកន្លះលាននាក់នៅទូទាំងប្រទេស និងពីដៃគូរអាជីវកម្មមកពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ធនាគារ ហត្ថា សូមថ្លែងអំណរគុណដល់អតិថិជន ក្រុមហ៊ុនដៃគូទាំងអស់ ព្រមទាំងអាជ្ញាធរដែលពាក់ព័ន្ធ សម្រាប់ការជឿទុកចិត្ត និងគាំទ្ររយៈពេលជាង ៣០ឆ្នាំមកនេះ។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាជីវកម្មធំៗជាច្រើនទៀត ។ ធនាគារ ហត្ថា គឺជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំមួយ របស់ប្រទេសជប៉ុន ដែលមានសាខាប្រហែល  ២000 ទីតាំង ស្ថិតនៅក្នុងទីផ្សារជាង ៤០ ប្រទេសក្នុងពិភពលោក ។ សម្ព័ន្ធក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ MUFG បានការចុះបញ្ជីនៅលើផ្សារហ៊ុន (Tokyo Stock Exchange), ណាហ្គូយ៉ា (Nagoya Stock Exchange) និងញូយ៉ក (New York Stock Exchange) ដោយមានតម្លៃទីផ្សាររហូតដល់ ២៤.២៧ កោដិយេន និងប្រាក់ចំណេញសុទ្ធចំនួន ១.៥៩១,១ ពាន់លានយេន នៅត្រឹមចុងខែមីនា ឆ្នាំ ២០២៥ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here