ដោយៈ ម៉ាលីនណា
សៀមរាបៈ ព្រលានយន្តហោអអន្តរជាតិខេត្តសៀមរាប បានស្វាគមន៍ជើងហោះហើរត្រង់របស់ក្រុមហ៊ុន FireFly ពីទីក្រុងកូឡាឡាំពួ មកកាន់ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។
ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ដល់អ្នកដំណើរចំនួន១៥៧នាក់ស្ត្រី៦៦នាក់ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
-->
ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងបន្តចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣ជើង ក្នុងមួយសប្តាហ៍ នៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ រៀងរាល់សប្តាហ៍ ជាប្រភេទយន្ដហោះ Boeing 737-800 (B738) ។

ជាមួយនឹងការអញ្ជើញ មកដល់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ភ្ញៀវទេសចរ បានលើកឡើងថា ពួកគាត់បានធ្វើដោយសុវត្ថិភាពនិងភាពរីករាយ ដែលបានមកដល់ខេត្ដសៀមរាបអង្គរនេះ។ពួកគាត់បន្ដថា តាមរយៈការធ្វើដំណើរឆ្លងកាត់ អាកាសយានដ្ឋានមួយនេះ មានភាពស្រស់ស្អាត អមដោយទេសភាពស្រស់បំព្រង ជាពិសេសពួកគាត់ចង់ឃើញប្រាសាទអង្គរវត្ដ ដែលជាក្ដីប៉ងប្រាថ្នាជាយូរមកហើយ។
ទន្ទឹមនឹងនោះ ភ្ញៀវទេសចរទាំងអស់ ដែលមកដល់ខេត្ដសៀមរាប មិនមានការព្រួយបារម្ភពីបញ្ហាអន្ដិសុខនោះឡើយ បើទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសជិតខាងក្ដី ពោលគឺពួកគាត់នៅពេលត្រឡប់ទៅកាន់ស្រុកកំណើតវិញ ពួកគាត់និងផ្សព្វផ្សាយបន្តអំពីរមណីយដ្ឋានទេសចរណ៍ស្អាតៗ នៅក្នុងខេត្តសៀមរាប ទៅកាន់ប្រទេសរបស់ខ្លួន ដើម្បីឱ្យគ្រួសារពួកគាត់ និងអ្នកទេសចរអញ្ជើញមកលេងខេត្ដសៀមរាបផងដែរ៕

