វិភាគ ដោយ ដន
ភ្នំពេញ៖ ការវិនិយោគថ្មីៗរបស់ចិននៅកម្ពុជា បានផ្លាស់ប្តូរទិសដៅទៅលើវិស័យអចលនត្រព្យ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធនៃវិស័យដឹកជញ្ជូនដែលបង្ហាញពីយុទ្ធសាស្ត្ររយៈពេលយូរអង្វែង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងភ័ស្តុភារនៅក្នុងតំបន់មេគង្គ។

-->
យោងតាមក្រុមហ៊ុន Knight Frank Cambodia ដែលជាក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានបង្ហាញក្នុងដំណាច់ត្រីមាសទី១ ឆ្នាំនេះថា ក្រុមហ៊ុនចិនបានបោះទុនវិនិយោគ ៣,៨ពាន់លានដុល្លារអាមេរិក ទៅក្នុងការអភិវឌ្ឍអចលនទ្រព្យ និងគម្រោងផ្លូវហាយវេកាលពីឆ្នាំមុន។ ទឹកប្រាក់រាប់ពាន់លានដុល្លារដែលបានវិនិយោគលើគម្រោងផ្សេងៗ ធ្វើឲ្យកម្ពុជាឈរនៅជិតកំពូល ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់សម្រាប់ការវិនិយោគរបស់ចិន។
ភាគច្រើននៃការវិនិយោគនាពេលបច្ចុប្បន្ននេះ ត្រូវបានផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលគួរឱ្យកត់សម្គាល់បំផុត ក្នុងនោះមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគិតជាទឹកប្រាក់២,០៨ពាន់លានដុល្លារ ដែលនឹងក្លាយជាច្រករបៀងសំខាន់សម្រាប់ការនាំចេញនិងនាំចូល។ នេះគឺជាចំណុចស្នូល ដែលបានកត់សម្គាល់ពីការវិនិយោគរបស់ក្រុមហ៊ុន Pre Belt និង Road Initiative (BRI) ដែលការវិនិយោគទុនមូលធនសំខាន់ៗផ្តោតលើគម្រោងថាមពល ជាពិសេសគម្រោងទំនប់វារីអគ្គីសនីនៅទូទាំងប្រទេស។
វិស័យអចលនទ្រព្យខេត្តព្រះសីហនុ ត្រូវបានជន់លិចដោយលំហូរទុនវិនិយោគដោយផ្ទាល់ពីបរទេស និងការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុន ដែលមានកំរិតខ្ពស់មិនធ្លាប់មានទីមុនមក។ ក្រុមហ៊ុនចិនមានចំនួន៨០ភាគរយ នៃប្រតិបត្តិករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងក្រុមហ៊ុនអាមេរិក និងអឺរ៉ុបមានចំនួនត្រឹមតែ២០ភាគរយ។ តម្លៃជួលដីនៅរោងចក្រក្នុងចន្លោះពី៣០ ទៅ៥០ឆ្នាំ បានកើនឡើងជាប្រចាំប្រហែល ៣២,៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
វិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ ត្រូវបានរំពឹងថានឹងរឹងមាំក្នុងរយៈពេលមធ្យម និងរយៈពេលវែង ដោយសារតែកំណើនមិនត្រឹមតែវិស័យទេសចរណ៍ (កាស៊ីណូ និងវិស័យល្បែងដែលបានរួមបញ្ចូល) និងការវិនិយោគវិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីការវិនិយោគលើឧស្សាហកម្មប្រេង នៅពេលការចាប់ផ្តើមនៅឆ្នាំ ២០១៩ នេះ។
ជំនួយចិននៅក្នុងការធ្វើផែនការហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
ដោយសារហេដ្ឋារចនាសម្ព័ន្ធ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ នៃការវិនិយោគក្នុងការសាងសង់ផ្លូវល្បឿនលឿន ស្ពាន និងព្រលានយន្តហោះនៅទីនោះ កម្ពុជានឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងភ័ស្ដុភារនៃតំបន់មេគង្គក្នុងរយៈពេលវែង។

កាលពីខែមីនា លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានទៅធ្វើទស្សនកិច្ចក្រុមហ៊ុន Shenzhen 4PX Express Co Ltd ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។ ក្រុមហ៊ុន Shenzhen 4PX Express គឺជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយរបស់ប្រទេសចិន ហើយជាផ្នែកមួយនៃក្រុមហ៊ុន Cainiao Smart Logistics Network Ltd ដែលជាសាខាដឹកជញ្ជូនរបស់ក្រុមហ៊ុន Alibaba Group Holding Ltd របស់លោក Jack Ma។
លោក កែន រដ្ឋា អគ្គនាយករងខុទ្ទកាល័យនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា “ឯកឧត្តមរដ្ឋមន្ត្រីនិ ងគណៈប្រតិភូក្រសួងការបរទេសបានទៅទស្សនាទីស្នាក់កាលកណ្តាលនៃក្រុមហ៊ុន 4px ។ លោករដ្ឋមន្រ្តីបានកោតសរសើរដល់ការគ្រប់គ្រង និងការរៀបចំរបស់ក្រុមហ៊ុន 4px នៅក្នុងប្រទេសចិនហើយពិតជាចង់ធ្វើតាមសម្រាប់កម្ពុជា”។លោកបន្ថែថា “បច្ចុប្បន្ននេះក្រុមហ៊ុន 4px កំពុងធ្វើការជាមួយប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា”។
លោក Kevin Li ជាអ្នកចាត់ការទូទៅសម្រាប់ការដឹកជញ្ជូនទូទាំងពិភពលោកនៃក្រុមហ៊ុន Cainiao Smart Logistics Network Ltd របស់ក្រុមហ៊ុនអាលីបាបាស់បានប្រកាសពីផែនការកាលពីខែមីនា ដើម្បីបង្កើតមជ្ឈមណ្ឌលភ័ស្តុភារពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់មហាតំបន់មេគង្គ។
លោកបន្តថា “នៅកម្ពុជាអ្វីគ្រប់យ៉ាងគឺថ្មី និងមានកំណើនលឿនណាស់។ វាជាទីតាំងដ៏ល្អមួយ បើអ្នកយកកម្ពុជាជាមជ្ឈមណ្ឌលដឹកជញ្ជូន មជ្ឈមណ្ឌលផ្ទេរសេវាកម្ម វាអាចគ្របដណ្តប់ប្រទេសវៀតណាម ថៃណនិងសូម្បីតែមីយ៉ាន់ម៉ា។ ប្រទេសកម្ពុជាគឺល្អប្រសើរជាងប្រទេសវៀតណាម និងថៃ។ ទីតាំងនៃប្រទេសកម្ពុជាគឺជាមជ្ឈមណ្ឌលនៃតំបន់មេគង្គ ដូច្នេះទីតាំងកណ្តាលនេះគឺល្អណាស់។
លោកបន្ថែមថា “រដ្ឋាភិបាលបើកចំហ ហើយចង់ស្តាប់យោបល់ពីក្រុមហ៊ុន ហើយពួកគេចង់រៀនសូត្រពីប្រទេសចិន។ ដូចដែលអ្នកដឹងហើយថាប្រទេសចិនមានភាពលិចធ្លោលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) ។ កត្តាផ្សេងទៀតគឺភាគរយនៃយុវជននៅទីនេះច្រើនជាងប្រទេសចិន”។លោកបន្តថា “យុវវ័យត្រូវបានជម្រុញចិត្តយ៉ាងខ្លាំងដើម្បីធ្វើជំនួញបែបអេឡិចត្រូនិកប្រភេទនេះតាមអ៊ីនធឺណិត។ ការជ្រៀតចូលនៃអ្នកប្រើប្រាស់ទូរស័ព្ទចល័តមាន កម្រិតខ្ពស់នៅក្នុងប្រទេសកម្ពុជា។ វាងាយស្រួលណាស់ក្នុងការបម្លែងអ្នកប្រើទាំងនេះទៅជាអ្នកទិញ និងអ្នកលក់តាមអនឡាញ”។
ក្រសួងពាណិជ្ជកម្ម ក៏បានទាក់ទងជាមួយមន្រ្តីរដ្ឋាភិបាលចិន និងវិស័យឯកជនដើម្បីជួយក្នុងការបញ្ចប់ក្របខ័ណ្ឌពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា។
លោក ឡុង កែមវិចិត្ត អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាននិយាយថា “នៅពេលដែលរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាជាមួយសមភាគីរដ្ឋាភិបាល លោកតែងតែសុំឱ្យភាគីចិនជំនួយនៅលើប្រធានបទ នៃការធ្វើពាណិជ្ជកម្មអេឡិចត្រូនិច ដោយសារតែប្រទេសចិនមានភាពរឹងមាំ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ជាពិសេសគឺក្រុមហ៊ុន Alibaba”។
លោកបន្តថា “យើងកំពុងធ្វើការផ្គូសផ្គងជំនួញរវាងប្រទេសកម្ពុជា និងចិន ហើយភាពជាដៃគូជាមួយវិស័យឯកជនដើម្បីបង្កើនការវិនិយោគ។ បច្ចុប្បន្នយើងកំពុងរៀបចំសន្និសីទអាជីវកម្មមួយនៅហុងកុង”។ លោកបន្តថា “យើងបានអញ្ជើញក្រុមហ៊ុនធំៗរបស់កម្ពុជាឱ្យមកបង្ហាញដល់ក្រុមហ៊ុនចិន ដើម្បីពិភាក្សាពីគោលនយោបាយនៃការវិនិយោគ និងពីវិស័យផ្សេងទៀតរបស់កម្ពុជា”៕
ប្រែសម្រួលដោយ៖ ម៉ាណេត