បើគ្មានការប្រែប្រួល! ស្ពានមិត្តភាពកម្ពុជា កូរ៉េភ្នំពេញ អរិយក្សត្រអាចនឹងចាប់ផ្តើមនៅឆមាសទី១ឆ្នាំ២០២៦

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ប្រជាពលរដ្ឋនៅក្រុងអរិយក្សត្រ និងអ្នករៀបចំផែនការអភិវឌ្ឍន៍ បានបង្ហាញជំហ ឬធុញទ្រាន់ នឹងការពន្យាពេលម្តងហើយម្តងទៀតពីការសាងសង់ស្ពាននេះ។

ប៉ុន្តែប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីចំណុច (ផ្សាររាត្រី-ជ្រោយចង្វារ,ជ្រោយចង្វារ-អរិយក្សត្រ) ត្រើយខាងលិចទន្លេសាប គ្រោងនិងបើកការដ្ឋានសាងសង់ នៅអំឡុងពេលឆមាសទី១ ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

បច្ចុប្បន្នរដ្ឋាភិបាលប្រទេសទាំងពីរ បានឈានដល់ដំណាក់កាលត្រៀមរៀបចំកិច្ចលទ្ធកម្ម ជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ ជ្រោយចង្វារ-អរិយក្សត្រ) គឺជាស្ពានប្រភេទស្ពានបេតុងខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លងប្រភេទA/C។ ទទឹងស្ពានមានប្រវែងសរុប២៧,៥ម៉ែត្រ និងទទឹងផ្លូវប្រវែង២២,៥ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ៣ម៉ែត្រ ល្បឿនអតិបរមា៨០គ.ម/ម៉ោង។

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ឆ្លងកាត់ទន្លេសាប ស្ពានទី១៖ (ចំណុចចាប់ផ្តើមពីម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) មានប្រវែង១,១៩គ.ម និងស្ពានទី២ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ៣៨០ ឃុំអរិយក្សត្រ (ក្រុងល្វាឯម/ខេត្តកណ្តាល) មានប្រវែង១,១៨គ.ម និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វ នឹងផ្លូវលេខ៣៨០ មានប្រវែង១,១៧គ.ម។

តាមព័ត៌មានផ្លូវការបានបង្ហាញថា គម្រោងនេះ មានរយៈពេលអនុវត្តចំនួន៥ឆ្នាំ២ខែ(៦២ខែ)និងរយៈពេលសាងសង់ចំនួន៣ឆ្នាំ៩ខែ(៤៧ខែ) វិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ២៤៥លានដុល្លារ ក្រោ​មហិរញ្ញប្បទាន សហប្រតិបត្តិការពីរដ្ឋាភិបាលនៃសារធារណរដ្ឋកូរ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here