ដោយៈ ចំណាន
សៀមរាបៈ អភិបាលរងខេត្តសៀមរាប លោកលី សារី បានចូលរួមក្នុងកម្មវិធីពិព័រណ៍ផលិតផលអង្គរ ត្រូវបានបើកជាផ្លូវការ ដើម្បីបង្ហាញផលិតផលសំខាន់ៗក្នុងក្រុង-ស្រុក ទៅកាន់អ្នកប្រើប្រាស់។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកតាន់ យុវរដ្ឋ អគ្គរងនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជ ដោយរដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការដៃគូ រៀបចំពិព័រណ៍ផលិតផលអង្គរ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីធ្លាសួន ច្បារមុខសណ្ឋាគារវិចតូរីយ៉ា ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណង ជួយជម្រុញសកម្មភាពពាណិជ្ជកម្ម ពិសេសផលិតផល និងកសិផលក្នុងខេត្ត ឲ្យកាន់តែមានភាពរស់រវើក សំដៅប្រែក្លាយផលិតផលនៅក្នុងស្រុក ឲ្យទទួលបាននូវការគាំទ្រ និងប្រើប្រាស់កាន់តែច្រើនឡើង ដោយមានការអញ្ជើញចូលរួម លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តនិងមន្រ្តីពាក់ព័ន្ឋ។
-->
លោកតាន់ យុវរដ្ឋ បានលើកឡើងថា ការរៀបចំពិព័រណ៌នេះឡើង ក្នុងការជួយជម្រុញផ្សព្វផ្សាយ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នូវផលិតផលខ្មែរ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋ ក្នុងការផលិតនូវផលិតផលឲ្យកាន់តែមានគុណភាព និងមានលក្ខណៈសម្បូរបែប ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញ លើកកម្ពស់វិស័យកសិ-ពាណិជ្ជកម្ម ផលិតផលក្នុងស្រុក និងការអភិវឌ្ឍន៍វិស័យឯកជន។

ជាមួយគ្នានេះ លោក លី សារី អភិបាលរងខេត្ត ក៏បានបង្ហាញថាបច្ចុប្បន្នខេត្តសៀមរាប មានសក្តានុពលសំខាន់ៗ ក្រៅពីទេសចរណ៍ គឺ មានវិស័យកសិកម្ម សេវាកម្ម និងការកែច្នៃផលិតផល សំខាន់ៗដូចជា ផលិតផលកែច្នៃមានប្រហុក សាច់ក្រក នំ ព្រមទាំងការរក្សាបាននូវអត្តសញ្ញាណរបស់ខ្លួនជាដើម។
ក្រៅពីផលិតផលកសិ-ឧស្សាហកម្ម ខេត្តសៀមរាបក៏មានដំណាំរួមផ្សំដូចជា បន្លែនិងផ្លែឈើ។ បច្ចុប្បន្ន ផលិតផលទាំងនេះ កសិករយើងអាចផលិតបានមួយចំនួនធំ ដែលប្រកបដោយគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងបានធ្វើការផ្គត់ផ្គង់មកកាន់ទីផ្សារ ។ ប៉ុន្តែបរិមាណតម្រូវការចំពោះបន្លែ និងផ្លែឈើសុវត្ថិភាពនៅមានទំហំធំ និងប្រកបដោយការប្រកួតប្រជែង។
លោកបន្តថា កត្តានេះ ដើម្បីជាគន្លឹះក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ផលិតផលក្នុងស្រុក ត្រូវខិតខំបង្កើតឲ្យបាននូវឧត្តមភាពប្រកួតប្រជែង គឺ គុណភាពល្អ បរិមាណផ្គត់ផ្គង់ទៀងទាត់ តំលៃសមរម្យ និងការកសាងទំនុកចិត្តអ្នកប្រើប្រាស់ តាមរយៈការបង្កើតម៉ាកសញ្ញាផលិតផល។
លោកអភិបាលរងខេត្ត បានជម្រុញដល់ផលិតករក្នុងស្រុក ត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព ការវេចខ្ចប់ ប្រកបដោយអនាម័យ ការដាក់ស្លាកច្នៃផលិតឲ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងតាមតម្រូវការអ្នកប្រើប្រាស់ ជាមួយនឹងតម្លៃ ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។

លោកអភិបាលរងខេត្តបានបន្តថា កិច្ចការទាំងអស់នេះ ពិតជាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់បងប្អូនផលិតករ ពាណិជ្ជករ និងកត្តាសំខាន់ដែលមិនអាចខ្វះបានទៀតនោះ គឺ ការចូលរួមគាំទ្រទិញ ផលិតកម្មខ្មែរពីប្រជាពលរដ្ឋយើង ដើម្បីជួយឲ្យផលិតករក្នុងស្រុក អាចមានលទ្ធភាពប្រកួតប្រជែង និងពង្រឹងការធ្វើទំនើបកម្ម ផលិតផលរបស់ខ្លួនបាន។
តាមការបញ្ជាក់ របស់លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានលើកឡើងថា ការតាំងពិព័រណ៍នាពេលនេះ ដែលមានការចូលរួមពីវិស័យរដ្ឋ វិស័យឯកជន សមាគម អង្គការ អ្នកផលិត កសិករ និងសាលារៀន ដែលមានស្តង់សរុបទាំងអស់ចំនួន៨៥ មកពីខេត្តសៀមរាប តាកែវ បាត់ដំបង បន្ទាយមានជ័យ និងរាជធានីភ្នំពេញជាដើម នឹងជួយបង្ហាញនិងលើកកំពស់ផលិតផលខ្មែរ ឲ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ ពិសេសចំពោះការផលិតនូវបន្លែសុវត្ថិភាព និង ការកែច្នៃកសិផលប្រកបដោយគុណភាពខ្ពស់៕
