ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា យុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” មានចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ជាគោលដៅទទួលបានកំណើនភ្ញៀវទេសចរពេញមួយឆ្នាំ។
លោកហួត ហាក់ បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា បូកសរុបលទ្ធផលការងារយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។
-->
ជាមួយនឹងការសម្តែងនូវសមានទុក្ខ ដ៏សែនក្រៀមក្រំជាមួយយុទ្ធជន និងប្រជាពលរដ្ឋភៀសសឹក ដែលបានបាត់បង់ជីវិត របួស ពិការ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ លោករដ្ឋមន្ត្រី និងអង្គសិក្ខាសាលាទាំងមូល បានសម្តែងនូវសេចក្តីគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានទាំងអស់ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន និងនៅទូទាំងប្រទេស ដែលបានលះបង់ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា តាងនាមមហាគ្រួសារវិស័យទេសចរណ៍កម្ពុជា សូមបេ្តជ្ញារួបរួមសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីខ្មែរតែមួយ សូមគាំទ្រយ៉ាងពេញទំហឹង ដោយឥតងាករេ នូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្តេជ្ញារួមសុខ រួមទុក្ខជាមួយវីរកងទ័ពដ៏អង់អាចក្លាហាន និងប្រជាពលរដ្ឋភៀសសឹក ក្នុងគ្រាដ៏សែនលំបាកនេះ។
ទន្ទឹមនឹងនេះ លោកហួត ហាក់ បានមានប្រសាសន៍ជម្រាបជូនអង្គសិក្ខាសាលាថា យុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” មានចក្ខុវិស័យសំខាន់ៗចំនួន ៣៖ គឺ ទី១) ការបង្កើនភាពទាក់ទាញទេសចរអន្តរជាតិ ទី២) ជំរុញចលនាទេសចរណ៍ក្នុងស្រុក និង ទី៣) ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែមចរន្តទេសចរក្នុងរដូវកាលបៃតង ពីខែឧសភា ដល់ខែតុលា ។

លោកបន្តថា យោងការអនុវត្តសាកល្បងយុទ្ធនាការ រដូវកាលបៃតង នៅឆ្នាំ២០២៥ និងតាមរយៈរបាយការណ៍របស់លេខាធិការដ្ឋាន កម្ពុជាទទួលបានកំណើនទេសចរជាតិគួរឱ្យកត់សម្គាល់ សម្រាប់រយៈពេល៦ខែ ពីខែឧសភា ដល់ខែតុលា ដោយទេសចរជាតិបានធ្វើដំណើរកម្សាន្តរហូតដល់៩លាន៤៦ម៉ឺននាក់ កើនឡើងប្រមាណ ៦៤,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។
លោករដ្ឋមន្រ្តី ក៏បានជម្រាបថា ការផ្លាស់ប្តូរតែឈ្មោះរដូវកាល ពិតជាពុំធ្វើឱ្យរដូវកាលបៃតង ទទួលបាននូវលទ្ធផលប្រកបដោយភាពវិជ្ជមាននោះទេ ប្រសិនបើមិនមានការដាក់ចេញនូវផែនការ យុទ្ធសាស្ត្រច្បាស់លាស់ ការចាត់តាំងការអនុវត្តឱ្យបានត្រឹមត្រូវ ព្រមទាំងមានយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ (M&E) ដូចដែលយើងបានរៀបចំសិក្ខាសាលានៅថ្ងៃនេះ។

ម៉្យាងទៀត សមិទ្ធផលដែលសម្រេចបានកន្លងមក ពិតជាបានឆ្លុះបញ្ចាំងអំពីភាពបុរេសកម្ម សកម្ម និងអន្តរសកម្មរវាងសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការ៦ ដែលក្រសួងទេសចរណ៍បានដាក់ចេញ រួមមានកិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ ជាមួយអន្តរក្រសួង ស្ថាប័ន ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈអភិបាលរាជធានីភ្នំពេញ និងខេត្តទាំង២៤ វិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក, ជាមួយស្ថានឯកអគ្គរដ្ឋទូត/ស្ថានឯកអគ្គរាជទូតបរទេសប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានឯកអគ្គរាជទូតកម្ពុជា/ស្ថានកុងស៊ុលកម្ពុជា ប្រចាំនៅបរទេស, កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅគ្រប់កម្រិត, ជាមួយបណ្តាញសារព័ត៌មាន, ពិធីករ, សិល្បៈករ, អ្នកផលិតមាតិកាព័ត៌មាន ( Influencers, KOL), និងការចូលរួមពីបុគ្គលម្នាក់ៗ៕
